ទីផ្សារដ៏ធំមួយរបស់ឥណ្ឌូណេស៊ី បញ្ចប់ការជួញដូរសាច់សុនខនិងឆ្មា
ហ្សាការតា៖ទីផ្សារសត្វដ៏ល្បីល្បាញមួយរបស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ចប់ការលក់សាច់សុនខ(ឆ្កែ) និងឆ្មាបន្ទាប់ពីទទួលរងសម្ពាធពីក្រុមសកម្មជនអស់ជាច្រើនឆ្នាំក្នុងការបញ្ឈប់ការជួញដូរ និងសត្វឃាតដ៏ឃោរឃៅនេះ។
សាច់ឆ្កែ និងសាច់ឆ្មា តែងតែមាននៅក្នុងបញ្ជីមុខម្ហូប រួមជាមួយនឹងសត្វប្រចៀវ កណ្តុរ ពស់ និងស្វានៅឯផ្សារ Tomohon Extreme នៅលើកោះ Sulawesi ដែលត្រូវបានគេស្គាល់ថាជា អាហារដ៏មិនសមរម្យរហូតដល់ការហាមឃាត់នៅថ្ងៃសុក្រ ទី២១ ខែកក្កដានេះ។
ក្រុមលើកកម្ពស់សិទ្ធិសត្វ Humane Society International (HSI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា រាល់ផ្សារណាដែលមិនបានព្រមព្រៀងគ្នាកន្លងមក គឺជាផ្សារដែលត្រូវកាត់បន្ថយ និងបញ្ឈប់ការជួញដូរសាច់សត្វឆ្មា និងសត្វឆ្កែមុនគេ។
ការហាមប្រាមនេះគឺជា «កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលជួយសង្គ្រោះសត្វរាប់ពាន់ក្បាលពីការបំផ្លិចបំផ្លាញ និងសម្លាប់សត្វ សម្រាប់ធ្វើជាអាហាររបស់មនុស្ស»។ ឥណ្ឌូណេស៊ីនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលនៅតែអនុញ្ញាតឱ្យលក់សាច់ឆ្កែ និងឆ្មា ដោយសារតែមូលហេតុប្រពៃណី និងវប្បធម៌ក្នុងស្រុក។
ក្រុមដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា អាជីវករលក់សាច់ឆ្កែនិងឆ្មាចំនួនប្រាំមួយនាក់ដែលនៅសល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការលក់ ហើយអភិបាលក្រុង Tomohon ក៏បានចុះហត្ថលេខាអនុម័តលើច្បាប់ហាមឃាត់ការជួញដូរនាពេលអនាគតនៅលើទីផ្សារផងដែរ។
លោកស្រី Lola Webber នាយកយុទ្ធនាការរបស់ HSI ក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែបាននិយាយថា ៖ «ឥទ្ធិពលនឹងកាន់តែទូលំទូលាយ រួមមានការបិទអាជីវកម្មដែលជាបណ្តាញដ៏ធំរបស់អ្នកជួញដូរ បញ្ហាចោរលួចឆ្កែ និងអ្នកធ្វើសត្វឃាតទៀតផង»។
លោកស្រីបន្តថា ៖ «យើងសង្ឃឹមថា កិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមកនេះនឹងអាចកំណត់ស្តង់ដារបាន»។
ក្រុមអ្នកលើកកម្ពស់សិទ្ធិសត្វបានបន្ថែមថា កិច្ចព្រមព្រៀងនេះមានសក្តានុពលអាចជួយសង្គ្រោះជីវិតកូនឆ្កែរាប់ពាន់ក្បាលនៅលើកោះនេះ ដែលកូនឆ្កែមានរហូតដល់ ១៣០ ០០០ ក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ។
ទីផ្សារនេះត្រូវបានគេររិះគន់យ៉ាងខ្លាំងពីសំណាកក់សកម្មជនចំពោះវិធីសម្លាប់សត្វដូចជា ការវាយដំ ការព្យួរក និងការផ្លុំរោមសត្វខណៈពេលដែលពួកវានៅមានជីវិត។
ការអំពាវនាវទាំងនោះបានកើនឡើងបន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគឆ្លងកាលពីឆ្នាំ២០២០ ដែលទាក់ទងទៅនឹងទីផ្សារលក់សាច់ស្រស់នៅទីក្រុង Wuhan ប្រទេសចិន បានបង្កការភ័យខ្លាចដល់ទីផ្សារផ្សេងទៀតដែលជាកន្លែងមេរោគអាចឆ្លងពីសត្វទៅកាន់ខ្លួនមនុស្សបាន។
HSI និងក្រុមលើកកម្ពស់សិទ្ធិរបស់ឥណ្ឌូណេស៊ីក៏កំពុងព្យាយាមបញ្ឈប់រាល់ការធ្វើអាជីវកម្មសត្វផងដែរដើម្បីការពារការរីករាលដាលនៃមេរោគឆ្កែឆ្កួត។
លោក Elvianus Pongoh អ្នកលក់ម្នាក់នៅ Tomohon អស់រយៈពេល ២៥ឆ្នាំបាននិយាយថា នេះជាពេលវេលាគឺត្រឹមត្រូវណាស់ក្នុងការបញ្ចប់ការជួញដូរ។
គាត់បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ HSI ថាដែរថា ៖ «ខ្ញុំប្រហែលជាសម្លាប់សត្វឆ្កែរាប់ពាន់ក្បាលហើយ។ ពេលកន្លងមកដល់ឥឡូវនេះ ខ្ញុំឃើញនូវភាពភ័យខ្លាចនៅក្នុងភ្នែករបស់ពួកវា… នៅពេលដែលខ្ញុំនឹកឃើញពីវា ខ្ញុំពិបាកចិត្តណាស់»។
លោកនិយាយថា ៖ «ខ្ញុំយល់ថាការហាមឃាត់នេះគឺជាវិធីល្អបំផុតសម្រាប់សត្វ ហើយក៏ល្អបំផុតដើម្បីការពារសាធារណៈជនផងដែរ»៕
ប្រែសម្រួល៖នី ស្រីពៅ
ប្រភព៖ CNA
