កម្មវិធីម៉ូបាលអេប «សុខភាពយុវជន» មានអ្នកប្រើប្រាស់កើនដល់ប្រមាណជិតប្រាំម៉ឺននាក់
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឱ្យដឹងថា គិតមកដល់ពេលនេះ អ្នកប្រើប្រាស់កម្មវិធីម៉ូបាលអេប «សុខភាពយុវជន» បានកើនឡើងរហូតដល់ជិត ៥០ ០០០នាក់ ខណៈដែលអត្រាអ្នកប្រើប្រាស់អ៊ែបនេះ ភាគច្រើនមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដាថា គិតមកដល់ពេលនេះ អ្នកប្រើប្រាស់ដែលបានចុះឈ្មោះក្នុងកម្មវិធីម៉ូបាលអេប «សុខភាពយុវជន (Youth Health Mobile App)» មានចំនួនសរុប ៤៦ ០០០នាក់ ដែលមកពី ២៥រាជធានី/ខេត្ត។ ក្នុងនោះមានអ្នកប្រើប្រាស់ចំនួន ២៧ ២១៧នាក់ ដែលមកពីវិទ្យាល័យគោលដៅនៃការផ្សព្វផ្សាយកម្មវិធីអេបនេះ ដែលមានចំនួន ១១៧វិទ្យាល័យ ស្ថិតនៅរាជធានី/ខេត្តគោលដៅចំនួន៩ក្នុងនោះរួមមាន៖ ភ្នំពេញ ខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ មណ្ឌលគីរី និងខេត្តរតនគិរី។
ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ថា ៖ «ភាគច្រើនអ្នកប្រើប្រាស់ដែលបានចុះឈ្មោះក្នុងកម្មវិធីម៉ូបាលអេប សុខភាពយុវជន គឺមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តរតនគិរី ខណៈដែលនៅក្នុងកម្មវិធីម៉ូបាលអេបនេះ មានមាតិកាចំនួន ១៦ ដែលបានដកស្រង់ពីឯកសារមេរៀនអប់រំសុខភាពពីថ្នាក់ទី៥ ដល់ទី១២ របស់នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា»។
បើតាមអ្នកនាំពាក្យក្រសួងអប់រំ មូលហេតុដែលក្រសួងរៀបចំបង្កើតម៉ូបាលអេបសុខភាពយុវជននេះឡើង ដោយសារតែក្រសួង និងអង្គការដៃគូ មើលឃើញថា យុវជនក្នុងវ័យទំនាក់ទំនងផ្លូវភេទដំបូង អាចប្រឈមនឹងហានិភ័យនៃការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងការរំលូតកូនដោយមិនមានសុវត្ថិភាព ដោយសារការទទួលបាននូវព័ត៌មានពាក់ព័ន្ធ និងលទ្ធភាពក្នុងការទទួលសេវាថែទាំសុខភាព នៅមានកម្រិត។
ឯកឧត្តម រស់ សុវាចា បានបន្តថា មួយវិញទៀត ក្នុងសម័យឌីជីថលនេះ ក្មេងប្រុសវ័យជំទង់ អាចមើលវីដេអូមិនសមរម្យលើទូរសព្ទដៃ។ ដូច្នេះចំណេះដឹងអំពីការរួមភេទប្រកបដោយសុវត្ថិភាព ឬពីការចម្លងជំងឺកាមរោគអេដស៍ នៅមានកម្រិត ខណៈដែលវ័យរបស់ពួកគាត់ពុំទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជពីសំណាក់ប្រព័ន្ធអប់រំផ្លូវការ និងពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល។
ឯកឧត្តមបានថ្លែងថា ៖ «ដូច្នេះម៉ូបាលអេប សុខភាពយុវជន បានផ្តោតទៅលើសេចក្តីត្រូវការសម្រាប់ការទទួ លបាននូវព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ យេនឌ័រ និងការគាំទ្រសុខភាពផ្លូវចិត្ត ដើម្បីធ្វើឱ្យយុវជនអាចអនុវត្តនូវសិទ្ធិ និងជម្រើសរបស់ពួកគេបានកាន់តែប្រសើរ»។
ក្រោមការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន ក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញានឹងខិតខំប្រឹងប្រែងសម្រាប់គម្រោងរួមគ្នានេះ ដើម្បីអភិវឌ្ឍន៍ និងអនុវត្តការអប់រំផ្លូវភេទតាមបែបឌីជីថល និងគំនិតផ្ដួចផ្ដើមទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិត។
យោងតាមក្រសួងអប់រំ បានបញ្ជាក់ដែរថា កន្លងមក មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានឱ្យដឹងដែរថា ម៉ូបាលអេបសុខភាពយុវជន (Youth Health Mobile App) ត្រូវបានកំណត់គោលដៅសម្រាប់យុវជនក្នុង និងក្រៅសាលា ដែលអនុញ្ញាតឲ្យពួកគេទទួលបានព័ត៌មានចាំបាច់ជាច្រើនអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដែលត្រូវបានអនុម័តដោយក្រសួងអប់រំ យុវជន និងកីឡា។ អ៊ែបនេះក៏រួមបញ្ចូលផងដែរនូវព័ត៌មានស្តីពីយេនឌ័រ សុខភាពផ្លូវចិត្ត ក៏ដូចជាជំនួយផ្លូវចិត្ត សម្រាប់យុវជនកម្ពុជាទាំងអស់ផងដែរ។
ប្រភពដដែលបញ្ជាក់ថា ៖ «កម្មវិធីម៉ូបាលអេបសុខភាពយុវជន ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់យុវជនក្នុងការទទួលបានព័ត៌មានអំពីប្រធានបទសុខភាពបន្តពូជជាច្រើន ស្របតាមកម្មវិធីសិក្សាអប់រំផ្លូវភេទដ៏ទូលំទូលាយដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ហេតុដូច្នេះវាមានការចាំបាច់សម្រាប់សិស្សានុសិស្សដែលរៀនចាប់ពីថ្នាក់ទី៥ រហូតដល់ថ្នាក់ទី១២»។
កម្មវិធីម៉ូបាលអ៊ែប «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍យុវជនកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលគម្រោងនេះអនុវត្តដោយបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) និងអេបវិស្វករ Kawsang Co., Ltd ដែលជាផលិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងរាជរដ្ឋាភិបាលជប៉ុន (Government of Japan) ៕
ដោយ៖ជា សុខនី

