ប្រទេសស្រីលង្កា ដែលរងគ្រោះពីវិបិត្តសេដ្ឋកិច្ច កំពុងពិចារណាប្រើប្រាក់រូពីឥណ្ឌាសម្រាប់ប្រតិបត្តិការក្នុងស្រុក

កូឡុំបូ៖ប្រទេសស្រីលង្កាកំពុងពិចារណាពីលទ្ធភាព ដើម្បីប្រើប្រាស់ប្រាក់​រូពីឥណ្ឌាសម្រាប់​ប្រតិបត្តិការ​នៅក្នុងស្រុក ខណៈដែលប្រទេសមួយនេះព្យាយាម​កសាងទុន​បំរុងបរទេស​ដែលខ្លួន​បានបាត់បង់​ឡើងវិញ និងដើម្បីងើប​ចេញពីវិបត្តិសេដ្ឋកិច្ចដែលប៉ះពាល់តាំងពីឆ្នាំមុនមក។​

​លោក Ali Sabry រដ្ឋ​មន្ត្រី​ការ​បរទេស​ស្រីលង្កា​កាល​ពី​ថ្ងៃទី​២២ ខែកក្កដា បាននិយាយថា ការផ្លាស់ប្តូរដែល​​អនុញ្ញាតឱ្យរូបិយប័ណ្ណរបស់ប្រទេសជិតខាងដ៏ធំរបស់ខ្លួនចរាចរក្នុងប្រទេស​បាន នឹងបង្កលក្ខណៈងាយ​ស្រួ​លដល់ អ្នកទេសចរ និងក្រុមមនុស្សមកពីប្រទេសឥណ្ឌាអាចប្រើប្រាស់​ប្រាក់រូពីឥណ្ឌា​ដោយ​ផ្ទាល់នៅទីនេះ​ ដោយមិនចាំបាច់​ឆ្លងកាត់​ភាពស្មុគស្មាញនៃការប្តូរប្រាក់នោះទេ។​

គួរជម្រាបថា ប្រទេសឥណ្ឌាជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា ដោយប្រទេសមួយនេះបា​ននាំចូល​ទំនិញសព្វសារពើពីប្រទេសឥណ្ឌា រួមមាន៖ អាហារ ឱសថ សម្ភារសំណង់ រថយន្ត ជី និងសារធា​តុគីមីជាដើម។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទំហំ ៥.៤៥ពា​ន់លានដុល្លារក្នុងឆ្នាំ ២០២១។​

រដ្ឋមន្ត្រីក្រសួងការបរទេសស្រីលង្កា លោក Sabry បាននិយាយថា ការ​ទទួលយកប្រាក់រូពី​ឥណ្ឌា នឹងហុចផល​ប្រយោជន៍​ល្អសម្រាប់ស្រីលង្កា ខណៈដែលពាណិជ្ជកម្មរវាង​ប្រទេសទាំង២ មិនមានតុល្យភាព​នៅពេ​ល​នេះ។​

មួយថ្ងៃបន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាជាមួយប្រធានាធិបតីស្រីលង្កា Ranil Wickremesinghe លោក Sabry បានប្រាប់អ្នកសារព័ត៌មានថា ៖ «យើងត្រូវការរូបិយប័ណ្ណ​​ឥណ្ឌាបន្ថែម ដូ​ច្នេះប្រជាជនឥណ្ឌាកាន់តែច្រើននឹងមកទីនេះ ហើយការចំណាយជា​រូបិយប័ណ្ណឥណ្ឌាគឺល្អសម្រាប់យើង​»​។​

ក្នុងដំណើរទស្សនកិច្ចនេះ ឥណ្ឌា និងស្រីលង្កាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរួមមាន៖ ថា​ម​ពល ការអភិវឌ្ឍន៍ និងពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលនេះគឺជាសញ្ញាបង្ហាញពី​ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រ​ទេសជិត​ខាង នឹងកាន់តែកើនឡើង។​

ទំនាក់ទំនងរវាងប្រទេសទាំង២ នេះកាន់តែប្រសើរឡើងកាលពីឆ្នាំមុន នៅពេលដែលស្រីលង្ការ​ជាប់គាំង​នៅក្នុង​វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់​បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឥណ្ឌាជាប្រទេសដែល​បានផ្តល់ជំនួយផ្នែ​កហិរញ្ញវត្ថុ និងមនុស្សធម៌ ​សំខាន់ៗដែលមានតម្លៃជាង ៤ពាន់លានដុល្លាររួមមាន អាហារ ឱសថ និងប្រេងឥន្ធនៈ ដល់ប្រទេសជិតខាងរបស់ខ្លួន។​

បំណុលសរុបរបស់ប្រទេសស្រីលង្ការមានលើសពី ៨៣ ពាន់លានដុល្លារ ដែលក្នុងនោះ ៤១,៥ ពាន់លានដុល្លារ​ជាបរទេស និង៤២,១ ពាន់លានដុល្លារជាក្នុងស្រុក។ យ៉ាងណា បច្ចុប្បន្ននេះស្រីលង្កា​របានចាប់ផ្តើម​ដំ​ណើរកា​ររៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ ដើម្បីដោះបំណុលទាំងនោះ៕

​ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ads banner