ថៃ៖ ផ្ទុះបាតុកម្មនៅកណ្តាលក្រុងបាងកក ក្នុងពេលភ្លៀងធ្លាក់
បាងកក៖ មនុស្សរាប់រយនាក់បានកាន់កាប់ផ្លូវនៅទីក្រុងបាងកក ដើម្បីតវ៉ា បន្ទាប់ពីការបោះឆ្នោតនាយករដ្ឋមន្ត្រីរបស់គណបក្សកំណែទម្រង់បានបរាជ័យ។
បាតុកររាប់រយនាក់បានធ្វើដំណើរទៅកាន់ផ្លូវធំមួយ នៅកណ្តាលទីក្រុងបាងកក ទោះបីជាមានភ្លៀងធ្លាក់ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេ បន្ទាប់ពីការព្យាយាមរបស់មេដឹកនាំគណបក្ស ផ្លាស់ទីឆ្ពោះទៅមុខ (Move Forward) ដែលជាស្គាល់ថាជាបក្សកំណែទម្រង់ គឺ លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ដើម្បីប៉ុនប៉ងក្លាយជានាយករដ្ឋមន្ត្រីនោះ ត្រូវបានរារាំងដោយសមាជិកសភាយោធា និងរាជានិយម។
បក្ស ផ្លាស់ទីឆ្ពោះទៅមុខ របស់ លោក ភីថា បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោត កាលពីខែឧសភា ប៉ុន្តែកាលពីថ្ងៃពុធ សប្តាហ៍មុន លោកត្រូវបានព្យួរពីសមាជិកសភា ដែលបន្ទាប់មក បានបដិសេធមិនផ្តល់ការបោះឆ្នោត ជាលើកទីពីរដល់លោកដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃនោះ។
បាតុករម្នាក់ឈ្មោះថា ស៊ូផាណាត ថងប្រាសុង (Supanat Thongprasong) និយាយថា “អ្នកចាស់ហើយ ទុកមនុស្សថ្មី ទុកឲ្យមនុស្សជំនាន់ថ្មីធ្វើបែបនេះ”។
គណបក្សផ្លាស់ទីឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកល បានអះអាង កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ខ្លួននឹងគាំទ្របេក្ខភាពដៃគូប្រជែងពេលបោះឆ្នោត ឱ្យក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីមេដឹកនាំបក្សរបស់ខ្លួនត្រូវបានរារាំងដោយយោធា និងក្រុមរាជានិយម។
គណបក្សផ្លាស់ទីឆ្ពោះទៅមុខ (MFP) ដែលគេស្គាល់ថាជា បក្សកំណែទម្រង់
បាននិយាយថា ខ្លួននឹងដាក់ការគាំទ្រនៅពីក្រោយការតែងតាំងរបស់គណបក្សភឿថៃ បន្ទាប់ពីមេដឹកនាំផ្ទាល់របស់ខ្លួន គឺលោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ត្រូវបានទម្លាក់នៅក្នុងការបោះឆ្នោតដឹកនាំ ដោយសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធា កាលពីពេលកន្លងទៅ។
អគ្គលេខាធិការគណបក្សផ្លាស់ទីឆ្ពោះទៅមុខ លោក ឆៃតាវ៉ាត ទូឡាតុន (Chaitawat Tulaton) បាននិយាយថា “អ្វីដែលសំខាន់បំផុតនោះគឺមិនមែនថា លោក ភីថា នឹងក្លាយជានាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែការពិតដែលថា ប្រទេសថៃនឹងអាចក្លាយជាប្រទេសប្រជាធិបតេយ្យមួយ” ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



