អាមេរិក​៖ អ៊ុយក្រែន​ដណ្ដើម​ទឹក​ដី​ដែល​រុស្ស៊ី​កាន់​កាប់​ក្រោយ​ការ​ឈ្លាន​ពាន​ បាន​ ៥០ ភាគរយ​

អាមេរិក៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក​ អ៊ែនថូនី​ ប្ល៊ីងកែន​ បាន​ឱ្យ​ដឹងកាល​ពី​ថ្ងៃ​អាទិត្យ​​ថា​ មក​ទល់​ពេល​នេះ​ អ៊ុយក្រែន​ដណ្ដើម​ទឹក​ដី​ដែល​រុស្ស៊ី​កាន់​កាប់​ក្រោយ​បើក​ការ​ឈ្លាន​ពាន​ បាន​ ៥០ ភាគរយ​ហើយ​ ប៉ុន្តែ​ថា​ ក្រុង​កៀវ​ប្រឈម​មុខ​នឹង​ការ​ប្រយុទ្ធ​ដ៏​លំបាក​ស្វិត​ស្វាញ​ ក្នុង​ការ​ដណ្ដើម​មក​វិញ​បន្ថែម​ទៀត​។ ​

លោក​ ប្ល៊ីងកែន​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ទូរទស្សន៍​ ​​CNN ​កាល​ពី​ថ្ងៃ​អាទិត្យ​ យ៉ាង​ដូច្នេះ​ថា ​៖ «​[អ៊ុយក្រែន​]ដណ្ដើម​ទឹក​ដី​មក​វិញ​ប្រហែល​ ៥០ ភាគ​រយ​ នៃ​ទឹក​ដី​​ដែល​បាត់​បង់​ពី​ដំបូង​ហើយ​»។ ​នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​លោក​បន្ត​ថា ​​៖ «​វា​នៅ​តែ​ជា​ជំហាន​ដំបូង​នៃ​ប្រតិបត្តិការ​វាយ​បក​។ ​វាពិ​ត​ជា​លំបាក​ណាស់​។ ​វា​នឹង​មិន​សម្រេ​ច​​​នៅ​សប្តាហ៍​ក្រោយ​ ឬ​​ពីរ​សប្តាហ៍​ក្រោយ​ទៀត​នោះ​ទេ​។​ ខ្ញុំ​គិត​ថា​នៅ​ប៉ុន្មាន​ខែទៅ​មុខ​​​ទៀត​ឯណោះ​​​»​។

​កាល​ពី​ចុង​ខែ​មុន​ ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ្ល៉ូឌីមៀរ​ ហ្សេលេនស្គី​ បាន​និយាយ​ថា​ ​វឌ្ឍនភាព​នៃ​ការ​វា​យ​បក​ប្រឆាំង​នឹង​កង​កម្លាំង​រុស្ស៊ី​ ​យឺត​យ៉ាវ​ជាង​ការ​ចង់​បាន​​។​

នា​ពេល​នេះ​ ​អ៊ុយក្រែន​​បាន​​ដណ្តើម​​យក​​ភូមិ​​​មួយ​ចំនួន​​នៅ​​ភាគ​​ខាង​​ត្បូង​ និង​​ទឹក​​ដី​​ជុំ​វិញ​​ទីក្រុង​ Bakhmut ​​នៅ​​ភាគ​​ខាង​​កើត​ ប៉ុន្តែ​​មិន​​ទាន់​​មាន​​ការ​​វាយ​​ប្រហារ​​ដ៏​​ធំ​​​ប្រឆាំង​​នឹង​​ខ្សែ​​ការពារសមរភូមិ​​ជួរ​មុខ​​របស់​​រុស្ស៊ី​នៅ​ឡើយ​ទេ​។​

នៅ​ពេល​សួរ​ថា​តើ​អាមេរិក​នឹង​ផ្ដល់​​យន្តហោះ​ចម្បាំង​ធុន​ F-16 ទៅ​ឱ្យ​អ៊ុយក្រែន​ឬអត់​ លោក​ ប្ល៊ីងកែន​ និ​យា​យ​ថា​ លោក​ជឿ​ថា​អាមេរិក​នឹង​ឱ្យ​ ហើយ​បន្ត​ថា ​៖ «ចំណុច​សំខាន់​ត្រង់​ថា​ នៅ​ពេល​ពួក​គេ​(អ៊ុយក្រែន​)ទទួល​បាន​ ពួក​គេ​មាន​​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ ​​អាច​គ្រប់​គ្រង​យន្តហោះ​ ​និង​ប្រើ​ប្រាស់​វា​តាម​របៀប​ដ៏​ឆ្លា​ត​វៃ​»​។

សូម​បញ្ជាក់​ថា​ ​សម្ព័ន្ធ​នៃ​ប្រទេសលោក​ខាង​លិច​​ចំនួន​១១​ ​​នឹង​ចាប់​ផ្តើម​បណ្តុះ​បណ្តាល​អ្នក​បើក​យន្តហោះ​ចម្បាំង​អ៊ុយក្រែន​ ឱ្យ​បើក​​យន្តហោះ​​ចម្បាំង​ F-16 ​នៅ​ខែ​សីហា​ក្នុង​ប្រទេស​ដាណឺម៉ាក ​​និង​ក្នុង​មជ្ឈ​មណ្ឌ​លហ្វឹក​ហ្វឺន​​នៅ​រ៉ូម៉ានី​។​​

កន្លង​មក​ អ៊ុយក្រែន​អំពាវ​នាវ​សុំ​យន្តហោះ​ចម្បាំង​ F-16 ​​ប៉ុន្តែ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ លោក​ Jake Sullivan ធ្លាប់​​បាន​​និយាយ​​កាល​ពី​ខែ​មុន​ថា​ មិន​មាន​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ពី​ការ​បញ្ជូន​យន្តហោះ​ធុន​នេះ​ឱ្យ​អ៊ុយក្រែន​នោះ​ទេ​។​ មន្ត្រី​អាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា​ ខ្លួន​នឹង​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ១៨​ ខែ​សម្រាប់​ការ​បណ្តុះ​បណ្តាល​ និង​ការ​បញ្ជូន​យន្តហោះ​ឱ្យ​ក្រុង​កៀវ៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Ukraine has recaptured 50% of the territory that Russia seized, Blinken says

ads banner