មនុស្ស​បី​នាក់​ រងរបួស​​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​កាំបិទ​​នៅ​លើ​រថភ្លើង​នៅ​ជប៉ុន​

តូក្យូ៖ មនុស្ស​យ៉ាង​ហោច​ណាស់​បីនាក់​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំបិត​លើ​រថភ្លើង​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អាទិត្យ​ ​​ដោយ​ប៉ូលិស​​បាន​និយាយ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​​ជា​ខ្មាន់​​កាំបិត​​។

​លោក​ តេត្សូយ៉ា សាកាហ្គាមី (Tetsuya Sakagami) ​មក​ពី​នាយក​ដ្ឋាន​ពន្លត់​អគ្គិភ័យ​នៅ​ក្បែរ​នោះ​​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ AFP ​ថា​ ជន​រងគ្រោះ​ទាំង​៣​​នោះ​ រួម​មាន​ទាំងបុរស​​អ្នក​បម្រើ​ភ្ញៀវ​លើ​រថភ្លើង​ម្នាក់ និង​បុរស​អ្នក​​ដំណើរ​ពីរ​រូប​ទៀត​។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​អ្នក​ទាំង​បី​ទៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​គ្រោះ​ថ្នាក់​មិន​ធ្ងន់​ធ្ងរ​ដល់​អាយុ​ជីវិត​នោះ​ទេ​។

ប៉ូលិស​ក្នុង​តំបន់​បាន​ប្រាប់ ​AFP ​ថា​ ជន​សង្ស័យ​ជា​បុរស​អាយុ ​៣៧​ ឆ្នាំ​ ​បាន​ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច​ចំនួន​ ៣​ ពេល​​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្ថានីយ​​ Rinku Town ​ក្នុងក្រុង​ Izumisano នៃ​​តំបន់​ Osaka ដែល​ជា​តំបន់​កើត​ហេតុ​។

ប៉ូលិស​បាន​និយាយ​ថា​ ​បុរស​ជា​ខ្មាន់​កាំបិត​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត ​ហើយ​បាន​សារភាព​រួច​ហើយ​ថា​ ​ខ្លួន​ជា​អ្នក​​ធ្វើ​ការ​វាយ​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​។ ប៉ូលិស​នៅ​តែ​បន្ត​​ស៊ើប​អង្កេត​មូល​ហេតុ​នៃ​ការ​វាយ​ប្រហារ​ចុង​ក្រោយ​នេះ​។

គួរ​​​បញ្ជាក់​ថា​ ​ឧក្រិដ្ឋកម្ម​ហិង្សា​បែប​នេះ​​​កម្រ​​កើត​មាន​នៅ​​ជប៉ុន​ណាស់​ ខណៈ​ប្រទេស​នេះ​​មាន​អត្រា​ឃា​តកម្ម​ទាប​ ហើយ​ច្បាប់​កាំភ្លើង​ក៏​​តឹង​រ៉ឹង​ដែរ​។ ​យ៉ាង​ណា​មិញ​ វា​តែង​តែ​កើត​ឡើង​ម្ដង​ម្កាល​ មិន​ថា​ដោយ​កាំ​បិត​ ​ឬ​​​កាំភ្លើង​ ​​រួម​មាន​ទាំង​​ករណី​​ធ្វើ​​ឃាត​​អតីត​​នាយក​​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​​ Shinzo Abe ​កាល​​ពី​​​ឆ្នាំ​​មុន​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Three hurt in Japan train stabbing attack  

ads banner