ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៖ ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ សេរីប្រជាធិបតេយ្យ គ្មានអំពើហិង្សា
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសសហភាពអឺរ៉ុប បានវាយតម្លៃថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ សេរីប្រជាធិបតេយ្យ គ្មានអំពើហិង្សា។ ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅឯសណ្ឋាគារសុខាភ្នំពេញ ជ្រោយចង្វារ។
នៅក្នុងសន្និសីទសារព័ត៌មានក្រុមអ្នកសង្កេតការណ៍បរទេសបានថ្លែងថា ពួកគាត់បានធ្វើដំណើរទៅសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតជាច្រើនកន្លែងតាមបណ្តារាជធានី ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជានាថ្ងៃទី២៣ ខែកក្កដា កត់សម្គាល់ឃើញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅតាមពេលវេលាកំណត់ នៅវេលាម៉ោង៧ព្រឹក នៅតាមការិយាល័យបោះឆ្នោតឃើញប្រជាពលរដ្ឋទាំងក្មេង និងចាស់បានរង់ចាំចូលការិយាល័យបោះឆ្នោត ដោយទឹកមុខសប្បាយរីករាយ ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនបន្តរហូតម៉ោង៣រសៀលបិទការិយាល័យ។ ដំណើរការបោះឆ្នោតនេះ បានកត់សម្គាល់ឃើញកាន់តែច្បាស់ពីការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបញ្ជាក់ថា តាមរយៈការចូលរួមសង្កេតការណ៍បោះឆ្នោតបង្ហាញឱ្យឃើញថា កម្ពុជាកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ តាមរយៈការបោះឆ្នោត និងគោរពទៅតាមច្បាប់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយអព្យាក្រឹត តម្លាភាព យុត្តិធម៌ ដោយមានការចូលរួមពិនិត្យឃ្លាំមើលពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ-អង្គការ មិនមែនរដ្ឋាភិបាលដំណើរការបោះឆ្នោតធានាបាននូវសន្តិសុខ សុវត្ថិភាព អត្រានៃការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនមានចំនួនជាង៨៤% នៃប្រជាពលរដ្ឋកម្ពុជា មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ដោយ៖ពលជ័យ