ផ្ទុះឃ្លាំងកាំជ្រួចនៅថៃ ស្លាប់មនុស្ស៩នាក់

បាងកក៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា ការផ្ទុះមួយបានឆាបឆេះឃ្លាំងកាំជ្រួចក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សប្រាំបួននាក់ ហើយជាង ១០០នាក់ទៀតរងរបួស។

ការផ្ទុះនេះបានកើតឡើង នៅទីក្រុង Sungai Kolok ក្នុងខេត្ត Narathiwat ភាគខាងត្បូង ដោយត្រូវបានគេគិតថា បណ្តាលមកពីការផ្សារដែក កំឡុងពេលការងារសាងសង់លើអគារ។

អភិបាលខេត្ត Narathiwat លោក Sanan Pongaksorn បានប្រាប់ AFP ថា “ឃ្លាំងស្តុកកាំជ្រួចនៅ Sungai Kolok បានផ្ទុះនៅរសៀលនេះ ហើយចំនួនចុងក្រោយបំផុតគឺ ៩ នាក់បានស្លាប់ និង ១១៥នាក់ទៀតរងរបួស” ។

លោកបន្តថា អគ្គិភ័យស្ថិតក្រោមការគ្រប់គ្រងវិញ ហើយការស៊ើបអង្កេតបឋមបង្ហាញថា មូលហេតុគឺជាកំហុសបច្ចេកទេសកំឡុងពេលដំណើរការផ្សារដែក ដោយសារអាគារកំពុងសាងសង់។

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីផ្សែងហុយយ៉ាងសន្ធោសន្ធៅហក់ឡើងលើអាកាស ហើយហាងលក់ទំនិញ ផ្ទះ និងយានយន្តជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកម្លាំងនៃការបំផ្ទុះនេះ។

ទូរទស្សន៍ Thai PBS បានរាយការណ៍ថា ផ្ទះរហូតដល់ ៥០០ខ្នងបានរងការខូចខាតដោយសារការផ្ទុះ ស្ថិតនៅក្នុងទីក្រុងព្រំដែនជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី លើកនោះ។

សាក្សីម្នាក់ឈ្មោះថា Seksan Taesen ដែលរស់នៅចម្ងាយ ១០០ ម៉ែត្រពីឃ្លាំងនោះ បានប្រាប់ AFP ថា «ខ្ញុំកំពុងលេងទូរស័ព្ទនៅក្នុងផ្ទះ ស្រាប់តែខ្ញុំឮសំឡេងផ្គរលាន់ ហើយផ្ទះទាំងមូលញ័រ
បន្ទាប់មក ខ្ញុំឃើញដំបូលរបស់ខ្ញុំបើកចំហរ។ ខ្ញុំមើលទៅខាងក្រៅ ខ្ញុំឃើញផ្ទះដួលរលំ ហើយមនុស្សដេកនៅលើដីគ្រប់ទីកន្លែង។ វាមានភាពវឹកវរ»

ប្រទេសថៃមានកំណត់ត្រាសុវត្ថិភាពមិនល្អក្នុងវិស័យសំណង់ ហើយគ្រោះថ្នាក់ដែលបណ្ដាលឲ្យមនុស្សស្លាប់ គឺជារឿងធម្មតា។ កាលពីខែមុន មនុស្សពីរនាក់បានស្លាប់នៅពេលស្ពានផ្លូវដែលកំពុងសាងសង់ក្នុងទីក្រុងបាងកក បានបាក់សង្កត់លើចរាចរណ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner