ខេត្តរតនគិរីជូនដំណឹងប្រុងប្រយ័ត្នចំពោះសិស្សសាលា ខណៈទឹកជំនន់កើនខ្ពស់ (Video Inside)

មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានជូនដំណឹងដល់គ្រូបង្រៀនគ្រប់សាលា ក្នុងខេត្តត្រូវប្រុងប្រយ័ត្នចំពោះសិស្សសាលា ខណៈដែលជំនន់ទឹកក្នុងទន្លេស្រែពក បានហក់ឡើងខ្ពស់ដល់១១ម៉ែត្រ៦២ទៅហើយនៅថ្ងៃទី១សីហានេះ។ កម្ពស់ទឹកប្រកាសអាសន្ន គឺ១២ម៉ែត្រ៥០។

សិស្សសាលាគឺជាមុខព្រួញ ដែលមានការយកចិត្តទុកបំផុតដោយមន្ទីរអប់រំខេត្ត ដែលបានដាស់តឿនថាសូមលោកគ្រូ អ្នកគ្រូ ត្រូវផ្សព្វផ្សាយណែនាំឱ្យសិស្សត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុះលេងទឹកក្នុងរដូវធ្លាក់ភ្លៀងនេះ។

សេចក្តីជូនដំណឹងរបស់មន្ទីរក្រសួងអប់រំថ្ងៃទី១សីហានេះ បានសរសេរថា «យោងតាមការសង្កេតតាមដានអាកាសធាតុក្នុងប៉ុន្មានថ្ងៃនេះ ឃើញថាមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ ដែលធ្វើឱ្យកំណើនទឹកទន្លេសេសាន និងស្រែពកបានកើនឡើងខ្ពស់ដែលជាការបង្កឱ្យមានគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង»។

សេចក្តីជូនដំណឹងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាសាធារណៈ ដែលស្ថិតនៅក្បែរ និងជាប់តាមដងទន្លេត្រូវប្រយ័ត្នចំពោះករណីទឹកជំនន់ ដែលកំពុងកើនឡើងនេះ។ សេចក្តីរាយការណ៍របស់រដ្ឋបាលខេត្តបានឱ្យដឹងថាទឹកជំនន់ពីទន្លេមេគង្គ បានហូរចូលមកក្នុងតំបន់ទំនាបនានា ក្នុងស្រុកលំផាត់ និងស្រុកកូនមុំនៅថ្ងៃទី១ សីហានេះហើយ។

ads banner