អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យអាជីវករបញ្ឈប់ការលក់ដូរ នៅបរិវេណសួនដើមលៀបជាកំហិតត្រឹមថ្ងៃទី៤ខែកញ្ញា
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រាប់ឱ្យអាជីវករទាំងអស់ដែលបានយកទីតាំងសួនដើមលៀបផ្សារកំពង់ស្ពឺដើម្បីលក់ដូរទំនិញផ្សេងៗត្រូវបញ្ឈប់សកម្មភាពលក់ដូរត្រឹមថ្ងៃទី៤ខែកញ្ញា ខាងមុខនេះជាកំហិត ដោយចាត់ទុកថា ការយកទីតាំងសាធារណៈធ្វើការលក់ដូរយ៉ាងអាណាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍។
ការជូនដំណឹងនេះធ្វើឡើងតាមរយៈសេចក្តីណែនាំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់របស់អភិបាលក្រុងច្បារមននៃខេត្តកំពង់ស្ពឺ លោក ទឹម ផានូ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ដែលបានជម្រាបជូនម្ចាស់អាជីវកម្ម លក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគ បរិភោគទាំងអស់ ដែលបានយកទីតាំងសួនដើមលៀប ដើម្បីដាក់លក់ទំនិញផ្សេងៗ យ៉ាងអាណាធិបតេយ្យ។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា៖«ការលក់ដូរនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បាត់បង់សោភ័ណភាពក្រុង បើទោះបីជាមានការ ជូនដំណឹង និងចុះរៀបសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ក៏បងប្អូនអាជីវករមិនព្រមចូលរួមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរឡើយ»។
ក្នុងន័យនេះ រដ្ឋបាលក្រុងច្បារមន ជូនដំណឹងជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម លក់បន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគទាំងអស់ សូមបញ្ឈប់ការលក់ដូរ នៅបរិវេណសួនដើមលៀប ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។
រដ្ឋបាលក្រុងបញ្ជាក់ទៀតថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីចូលរួមសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយ ការកកស្ទះចរាចរណ៍ និងលើកម្ពស់សោភ័ណភាពក្រុងផង។
ពាក់ព័ន្ធសេចក្តីជូនដំណឹងនេះដែរ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហាថា ការជូនដំណឹងជាថ្មីម្តងទៀតនេះគឺដើម្បីរៀបចំការគ្រប់គ្រងសណ្តាប់ធ្នាប់សារធារណៈ និងសោភ័ណភាពខេត្តឱ្យមានរបៀបរៀបរយ សំដៅលើកកម្ពស់វិស័យទេសចរណ៍ខេត្តឱ្យរីកចំរើនបន្ថែមទៀត។លោកបានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកន្លែងលក់ដូរនៅផ្សារខេត្តពង់ស្ពឺឱ្យពួកគាត់លក់ដូររួចហើយ តែពួកគាត់មិនព្រមលក់ ចេះតែនាំគា្នមកលក់នៅខាងក្រៅផ្សារ តាមដងផ្លូវទៅវិញ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះផងដែរ ហេតុនេះសូមឱ្យអាជីវករទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។
តាមរយៈសេចក្តីណែនាំរបស់រដ្ឋបាលក្រុងច្បារមន ក៏បានប្រកាសថា នឹងមានវិធានការចុះរុះរើ ឬដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅទីតាំងនោះឡើយ ៕
អត្ថបទ៖ បូរ ពេជ្យហ្សាលីន