អ.វ.ត.ក រៀបចំទស្សនកិច្ចសិក្សាជូនសិស្សប្រមាណ១៥០នាក់នៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សប្រមាណ ១៥០ នាក់ មកពីអនុវិទ្យាល័យសុខអាន សោភណារាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ទៅទស្សនកិច្ចសិក្សានៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងប្រវត្តិសាស្ដ្រនៅក្នុងវិមានឈ្នះ ឈ្នះ។
កម្មវិធីទស្សនកិច្ចសិក្សានេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងឱ្យយុវជនទាំងអស់បានស្វែងយល់ឱ្យច្បាស់អំពីសោកនាដកម្មដែលកើតមានឡើងនៅក្នុងរបបឃោរឃៅខ្មែរក្រហម និងចូលរួមទប់ស្កាត់អំពើឃោរឃៅដូចក្នុងរបបខ្មែរក្រហម។ នេះបើតាម(អ.វ.ត.ក)។
ក្នុងពេលចូលទស្សនកិច្ចសិក្សានៅក្នុងសារៈមន្ទីរទួលស្លែង សិស្សានុសិស្សត្រូវបានទទួលស្វាគមន៍ និងបទបង្ហាញពីមន្ដ្រីផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម អំពីដំណើរការជំនុំជម្រះក្ដី សមិទ្ធផលដែលទទួលបានពីការជំនុំជម្រះក្ដី និងដំណើរការងារសេសសល់ដែលអង្គជំនុំជម្រះកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីបំពេញទស្សនកិច្ចនៅសារៈមន្ទីរទួលស្លែង សិស្សានុសិស្សបានបន្ដទៅទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ បន្ដទៀត។
អ.វ.ត.ក បញ្ជាក់ថា៖«ក្រោយពេលបញ្ចប់ទស្សនកិច្ចសិក្សានៅក្នុងមួយថ្ងៃនេះ សិស្សានុសិស្សទាំងអស់ត្រូវបានរំពឹងទុកថា នឹងទទួលបានព័ត៌មាន និងចំណេះដឹងយ៉ាងច្រើនជុំវិញការងារជំនុំជម្រះក្ដីនៅក្នុងសាលាក្ដីខ្មែរក្រហម រឿងរ៉ាវទាក់ទងនឹងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបខ្មែរក្រហម និងការពលីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍នោះ»។
នៅថ្ងៃដដែលនោះលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី លោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានរដ្ឋបាល និងលោក ថោង សុជាតិ មន្ដ្រីគ្រប់គ្រងជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បានអញ្ជើញទទួលស្វាគមន៍ប្រធានវេទិកាសេវាសន្ដិភាពស៊ីវិលលោកស្រី Suzanne Gentges និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅការយាល័យថ្មីរបស់អង្គជំនុំជម្រះដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការណ៍រវាងអង្គការ GIZ/CPS និង អ.វ.ត.ក. ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំរៀងរាល់សប្ដាហ៍ ជូនសិស្សានុសិស្ស និស្សិត យុវជន និងពលរដ្ឋទូទៅ ដើម្បីជួយជំរុញដល់ការចងចាំ និងការចូលរួមទប់ស្កាត់ការវិលត្រឡប់មកវិញនូវអំពើឃោរឃៅដូចក្នុងរបបខ្មែរក្រហមមកលើទឹកដីកម្ពុជាសាជាថ្មី។ ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ ២០២៣ នេះ មានសាធារណៈជាតិ និងអន្តរជាតិ ជាង ៦០ ម៉ឺននាក់ នាក់ហើយ ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា ក្រោមការសម្របសម្រួល និងរៀបចំដោយផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម៕
ដោយ៖ សុខ រក្សា