ស្រី្តវ័យក្មេងម្នាក់ជ្រើសយករបរចិញ្ចឹមសត្វ​ជន្លេន ដើម្បីទាញយកចំណូលបានគួរសម

អត្ថបទដោយ៖
CPA

ស្វាយរៀង៖ ជន្លេន​ជា​ល្មូ​ន​មួយប្រភេទ​រស់​នៅក្នុ​ង​ដី​រវើកៗ​គួរឱ្យ​ញ​ញើត។​ តែជន្លេនក៏ជាសត្វម្យ៉ាងដែលសំបូរទៅដោយប្រូតេអ៊ីនខ្ពស់ និងមានប្រយោជន៍ច្រើនយ៉ាងសម្រាប់ដីកសិកម្ម ជាពិសេសសម្រាប់ធ្វើជាចំណីដល់សត្វមាន់ ទា ជ្រូក និងកង្កែបជាដើម។

ជាមួយគ្នានេះ របរចិញ្ចឹមជន្លេន ក៏ជាការងារមួយងាយស្រួល មិនមានការចំណាយកម្លាំង និងពេលវេលាច្រើនក្នុងការចិញ្ចឹមទេ ហើយការចិញ្ចឹមជន្លេននេះកសិករអាចទាញប្រយោជន៍ពីវាបានច្រើន ពោលទាំងសម្រាប់កសិកម្ម និងអាចទាញចំណូលពីវាបានតាមរយៈការលក់ពូជជន្លេនផងដែរ។

ជាក់ស្តែងនៅខេត្តស្វាយរៀងកសិករជាស្ត្រីមួយរូប អាចទាញចំណូលបានសមរម្យពីមុខរបរចិញ្ចឹមជន្លេននៅផ្ទះរបស់ខ្លួន និងមានគម្រោងពង្រីកការចិញ្ចឹមបន្ថែមទៀតផង ដ្បិតអីកញ្ញាយល់ឃើញថាវាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការងារកសិកម្មរបស់ខ្លួនជារួម។

កញ្ញា ហួង មាលា វ័យ ៣២ឆ្នាំ​ បានចាប់ផ្តើមមុខរបរចិញ្ចឹមជន្លេននៅ​ចុង​ឆ្នាំ ២០២០ តែម្នាក់​ឯង​គត់​ និង​មាន​ម្ដាយ​ជា​អ្នក​ជួយ​រៀប​ចំ​សម្រាប់​លក់ពូជ។ បច្ចុប្បន្ន​នេះទី​តាំង​ចិញ្ចឹម​ជន្លេន​របស់​កញ្ញា​ ហួង មាលា​ មាន​កាន​ជន្លេន​ប្រមាណ​ជិត​ ២០០ឯណោះ​ ខណៈការ​ពង្រីក​ការ​ចិញ្ចឹម​នឹង​ត្រូវ​ពង្រីកឆាប់ៗ​។

កញ្ញា ហួង មាលា បានឱ្យដឹងថាមូល​ហេតុនៃការចាប់ផ្តើមចិញ្ចឹមដំបូង​គឺ​ដោយ​សារ​កញ្ញា​យល់​ថា ដី​ក្នុង​ខេត្ត​របស់​ខ្លួន​មិន​សូវ​មាន​ជីវជាតិ​ដូច​ខេត្ត​ដទៃ​ទើប​កញ្ញា​ស្វែង​យល់​ និង​ស្រាវជ្រាវ​ឃើញ​កែប្រែ​ដី​មួយ​បែប​គឺ​ការ​ចិញ្ចឹម​ជន្លេន​។ម្យ៉ាងការ​ចិញ្ចឹមជន្លេននេះគឺ​ដើម្បីបម្រើ​ឱ្យ​ការ​ចិញ្ចឹមសត្វរបស់ក្រុមគ្រួសារកញ្ញាផង។

គ្រាន់​តែ​ជា​មនុស្ស​ដែល​ស្រលាញ់​កសិកម្ម ហើយ​មិន​មែន​ជា​ជំនាញ​កសិកម្ម និង​ថែម​ទាំង​មិន​​ធ្លាប់​បាន​សិក្សា​ជ្រៅជ្រះ តែ​កូន​​អ្នក​ខេត្ត​ស្វាយ​រៀង​រូប​នេះ​ជម្នះ​ការ​ហាម​ឃាត់​ និង​ព្យាយាម​រៀន​សូត្រ​ពី​អ្នក​លក់​ពូជ​ជន្លេន​ផង និង​រៀន​ដោយ​ខ្លួន​ឯង​តាម​អ៊ីនធឺណិត​ផង។

កញ្ញា​បាន​ឱ្យ​ដឹង​ថា​៖ «ខ្ញុំ​ឈប់​ពី​ការងារ​គឺ​ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩ ហើយ​ខ្ញុំ​ងាក​មក​ធ្វើ​កិច្ច​ការ​កសិកម្ម​នេះ​ទាំង​គ្មាន​អ្នក​គាំទ្រ​ឡើយ​។ ក្រុម​គ្រួសារ​មិន​ចង់​ឱ្យ​ធ្វើ​ព្រោះ​ខ្លាច​ពិបាក តែ​ខ្ញុំ​នៅ​តែ​ជម្នះ​ព្រោះ​ដោយ​សារ​តែ​ការ​ស្រលាញ់​កសិកម្ម​តាំង​ពី​ក្មេង​មក​ម្ល៉េះ»។

ជុំវិញបច្ចេកទេសចិញ្ចឹមនេះ កញ្ញា ហួង មាលា និយាយថា ​ដំបូងខ្លួនចាប់ផ្តើមដោយការសាក​សួរទៅកាន់​អ្នក​លក់​ពូជ ហើយ​បានដាក់​ចិញ្ចឹម​ដាក់​ក្នុង​អាងពេលដំបូង។ បន្ទាប់កញ្ញា ព្យាយាម​រៀន​ពី​នេះ​ពី​នោះ​មើល​យូធូប(Youtube)និង​ពិសោធន៍​ដោយ​ខ្លួន​ឯងពី​មួយ​ខែ​ទៅ​មួយខែ ក៏​ទទួលបានលទ្ធផល​ល្អប្រសើរ។

ជុំ​វិញ​របរ​ចិញ្ចឹម​ជន្លេន​នេះ​ទៀត​សោត​ កញ្ញា​ មាលា និយាយ​ថាវាមានភាពងាយស្រួល និងពិបាកក្នុងការថែទាំឡើយ។កញ្ញាបញ្ជាក់ថា ​កាន់​តែ​ចិញ្ចឹម​គឺកាន់​តែអាច​មើល​ឃើញ​ពី​ប្រយោជន៍​របស់​វា​ច្រើន​ឡើង​ៗ​ និង​កាន់​តែ​ងាយ​ស្រួល​ ដ្បិត​អី​កញ្ញា​ខ្លួន​ឯង​ផ្ទាល់​​កាន់​តែ​ជំនាញ​ខ្ពស់​ជា​មួយ​នឹង​សត្វ​ប្រភេទ​នេះ​ ពោល​គឺ​ដាក់​ទុនទៅ​ទទួលបានផល​ មិន​ខាតដើម​ ហើយ​កាន់​តែ​ចង់​ពង្រីក​មុខ​របរ​នេះ​ឱ្យ​កាន់​តែ​ធំ​​​​។

បច្ចុប្បន្ននេះ ​ជន្លេន​ពូជ​របស់កញ្ញា ហួង មាលា អាចលក់បានក្នុង​តម្លៃមួយគីឡូ មួយម៉ឺន​រៀល​ ដែល​នេះ​គិត​ទាំង​ដី និង​ចំណី​របស់​វា​ទៅ​ជា​មួយ​ផង​ដែរ។

ទាក់ទិនទៅនឹងការលក់នេះដែរ​ ​កញ្ញា​ ហួង មាលា បានឱ្យដឹងថា ជា​មធ្យម​ក្នុង​មួយខែ​ ទីតាំងរបស់កញ្ញា ​អាច​លក់​ពូជ​ជន្លេន​បាន​ក្នុង​រង្វង់​ជាង​ ១០០​គីឡូក្រាម និង​អាច​ប្រែប្រួល​ឡើង​ចុះ​ ទៅ​តាម​ការ​ផ្សព្វផ្សាយ​លក់​របស់​កញ្ញា​ផ្ទាល់​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​តាម​ម៉ូយ​របស់​ខ្លួន។

ក្រោយឃើញភាពកាក់កប កសិករចិញ្ចឹមជន្លេននៅខេត្តស្វាយរៀងរូបនេះ បាន​បង្ហើបឱ្យ​ដឹង​ថា​ ខ្លួន​មាន​គម្រោង​ពង្រីក​បន្ថែម​ចំនួន​មួយទ្រុង​ទៀត ដែលអាចដាក់ចិញ្ចឹមជន្លេនបាន​ប្រហែល​ជា ១០០​កានបន្ថែមទៀត​។

ជា​មួយ​គ្នា​នេះ​ដែរ កញ្ញា​ក៏​មាន​ការ​លើក​ទឹក​ ពិសេស​ទៅ​ដល់​កសិករ​ និង​អ្នក​ស្រឡាញ់​វិស័យ​កសិកម្ម​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​នឹង​ជន្លេន​ ដោយ​ហេតុ​ថា​វា​មាន​អត្ថប្រយោជន៍​ច្រើន​ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​កសិករ។

កញ្ញា​ ហួង​ មាលា បានបញ្ជាក់ថា៖ «ខ្ញុំ​ចង់​សំណូម​ពរ​ទៅ​ដល់​បង​ប្អូន​ដែល​គាត់​ធ្វើ​កសិកម្ម​ មិន​ថា​ជា​ខ្នាត​តូច​ ឬ​ធំ​នោះ​ទេ និយាយ​រួម​គឺ​ថា​ជន្លេន​ ​មាន​សក្ដានុពល​ខ្លាំង​មែន​ទែន​សម្រាប់​វិស័យ​កសិកម្ម​ ទៅ​លើ​ជីកំប៉ុស និង​ចំណី​សត្វ។ ការ​ចិញ្ចឹម​សត្វ​យក​ត្រូវ​ការ​ចំណី ហើយ​ដំណាំ​ត្រូវ​ការ​ដី​ដែល​មាន​គុណភាព​ល្អ ទាំង​នេះ​គឺ​សត្វ​ជន្លេន​អាច​ជួយ​បាន​ទាំង​អស់​ និយាយ​ឱ្យ​ខ្លី​គឺ​វា​វិល​ជុំ​ និង​ចំណាយ​តិច​បំផុត»៕ ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner