រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជា បានប្រែក្លាយពីប្រទេសខ្វះខាតស្បៀង មកជាប្រទេសមានសន្តិសុខស្បៀង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ នាទីស្តីការក្រសួងកសិកម្ម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) ដែលជារដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ដំបូងបង្អស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់សមភាគីកូរ៉េអំពីការវិវត្តរបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសខ្វះខាតស្បៀងបណ្តាលមកពីសង្គ្រាមស៊ីវិលផ្ទៃក្នុង មកជាប្រទេសដែលមានសន្តិសុខស្បៀង និងនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការប្រែប្រួលជាវិជ្ជមាននេះ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការរួបរួមជាតិ និងសន្តិភាព ដែលនាំទៅរកការអភិវឌ្ឍមួយដ៏ពិតប្រាកដ។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់កម្ពុជានៅក្នុងវិស័យកសិកម្ម។ ចំពោះកិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសកូរ៉េ ដោយចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់។
នៅក្នុងថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះការបើកទីផ្សារ K-Beef របស់កូរ៉េ ហើយជាមួយគ្នានេះដែរ កម្ពុជាសង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត៕
ប្រភព៖ក្រសួងកសិកម្ម