ឯកឧត្តម វង្សី វិស្សុត៖ ចិនជាមិត្តដ៏ល្អរបស់កម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នក្នុងពេលជិត ៣ទស្សវត្សរ៍ចុងក្រោយនេះ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ប្រទេសចិន គឺជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានចូលរួមគាំទ្រ, ជំរុញ និងលើកកម្ពស់កិច្ចការគាំពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងរយៈពេលជិត ៣ទស្សវត្សរ៍ចុងក្រោយនេះ។

ថ្លែងក្នុងកម្មវីធីសម្តែងសិល្បៈអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកម្មវិធីផ្លាសប្តូរវប្បធម៌ «ប្រទេសស្រស់ស្អាត-ខេត្តចម្រុះពណ៌» ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំនៅកម្ពុជា នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រនាពេលថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំណងទាក់ទងល្អរវាងកម្ពុជា និងមិត្តចិន លើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យវប្បធម៌ សង្គម-សេដ្ឋកិច្ច និងនយោបាយ គឺមានអាយុកាលដ៏យូរណាស់មកហើយ។

ឯកឧត្តមបន្តថា កម្ពុជា និងចិនបានក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យនៅឆ្នាំ ២០១០ និងឈានទៅបង្កើត «ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្សែក្រវាត់និងផ្លូវ» នៅឆ្នាំ២០១៧ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ-សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេសការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងបានចាប់ផ្តើមការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅឆ្នាំ២០១៩។

ឯកឧត្តមបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រួចហើយនោះ ក៏បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់កំណើនចរន្តសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេស ការគាំទ្រពីសំណាក់ប្រជាជនចិនលើ កសិផលកម្ពុជា ដូចជា អង្ករ ផ្លែស្វាយ ចេក និងមៀន និងផលិតផលកម្ពុជាដទៃទៀតនៅក្នុងទីផ្សារចិន ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្មនិងការនាំចេញរបស់កម្ពុជា ដោយក្នុងនោះ គិតត្រឹមឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១១ពាន់លានដុល្លារ ហើយគ្រោងពង្រីកឱ្យកើនដល់ ១៥ពាន់លានដុល្លារ ឬ ច្រើនជាងនេះ នៅឆ្នាំ២០២៥។

ទន្ទឹមគ្នា ប្រទេសចិនក៏ជាប្រភពវិនិយោគដ៏សំខាន់របស់កម្ពុជាផងដែរ ក្នុងនោះ សម្រាប់ឆ្នាំ២០២២ ទំហំវិនិយោគចិន មានចំនួន ១,៥ពាន់លានដុល្លារ ហើយកម្ពុជារំពឹងថា ទំហំវិនិយោគនឹងកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលកម្ពុជាកំពុងតែយកចិត្តទុកដាក់ក្នុងការកែលម្អបរិយាកាសឱ្យកាន់តែអំណោយផលដល់ការវិនិយោគពីបរទេស សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនការងារ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែល្អប្រសើរ។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចាត់ទុកវេទិកានេះ ជាវេទិកាប្រវត្តិសាស្រ្តមួយ ដែលអាចនឹងពង្រឹងទំនាក់ទំនងក្នុងគ្រប់វិស័យរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងដំណាក់កាលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ជាពិសេស ក្នុងការផ្លាស់ប្តូរនូវនិម្មាបនកម្មនយោបាយ និងសេដ្ឋកិច្ចសកល៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner