ទឹកដ៏ខ្លាំងបានជន់លិចស្ថានីយរថភ្លើងក្រោមដីដ៏មមាញឹកបំផុត ក្នុងទីក្រុងញូវយ៉ក

ញូវយ៉ក៖ ស្ថានីយ៍រថភ្លើងក្រោមដីដ៏ល្បី និងមមាញឹកបំផុតរបស់ទីក្រុងញូវយ៉ក នៅតំបន់Times Square បានរងគ្រោះដោយសារទឹកជំនន់ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយសារតែបំពង់ដ៏សំខាន់នៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកបានផ្ទុះ បន្ទាប់ពីវាបម្រើសេវាកម្មជាងមួយសតវត្ស។

អាជ្ញាធរដឹកជញ្ជូននៃស្ថានីយ៍រថភ្លើងក្រោមដី MTA បានចេញផ្សាយវីដេអូ និងរូបថត កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នៃទឹកធ្លាក់ចូលទៅក្នុងស្ថានីយ៍ Times Square-42nd Street នៅកណ្តាលទីក្រុង Manhattan នៅពេលព្រឹកព្រលឹម។

ស្ថានីយ៍រថភ្លើងក្រោមដី MTA បានឲ្យដឹងថា ក្នុងអំឡុងពេលព្រឹក ទឹក១.៨ លានហ្គាឡុង ឬជាង ៦.៨លានលីត្រ បានចាក់ចូលទៅក្នុងស្ថានីយ៍។ ទឹកជំនន់បានបន្តរំខានដល់សេវាកម្មនៅលើផ្លូវដែលមមាញឹកបំផុតក្នុងទីក្រុង – ខ្សែទី ១, ២ និង ៣ – នៅចំណុចសំខាន់នៃការធ្វើដំណើរពេលព្រឹក។

ស្ថានីយ៍រថភ្លើងក្រោមដី MTA បានឲ្យដឹងដែរថា បំពង់ដ៏សំខាន់នៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកដែលបានផ្ទុះនោះ ត្រូវបានដំឡើង នៅឆ្នាំ ១៨៩៦ ។ បំពង់បង្ហូរដែលផ្ទុះ ក៏បានជន់លិចផ្លូវ Midtown ជាមួយនឹងកម្ពស់ទឹកជាច្រើនអ៊ីញ។ ចរាចរណ៍ត្រូវបានរំខាន ហើយការផ្គត់ផ្គង់ទឹកទៅកាន់តំបន់នោះត្រូវបានកាត់ផ្តាច់ ខណៈដែលកម្មករ និងវិស្វករ MTA រាប់រយនាក់បានបូម និងសម្អាត។

យ៉ាងណាក៏ដោយ អ្វីៗទាំងអស់បានត្រឡប់មកធម្មតាវិញ នៅពាក់កណ្ដាលថ្ងៃត្រង់ ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner