វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា និងអ្នកជំនាញ សហការគ្នាជំរុញការបណ្តុះបណ្តាលពីសុវត្ថិភាពចំណី អាហារថ្មី សម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រ(IPC) និងក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈឈ្មោះថា b.Consulting Cambodia នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុស្សារណៈយោគយល់គ្នាលើការសហការរវាងគ្នានិងគ្នា រៀបចំនូវកម្មសិក្សា ឬវគ្គបណ្ដុះបណ្ដាលថ្មីមួយស្ដីពីការអនុវត្តសុវត្ថិភាពចំណីអាហារ។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ខាងភាគីវិទ្យាស្ថានប៉ាស្ទ័រមានលោក អង់ដ្រេ ស្ពីហ្គែល(Andre SPIEGEL)ប្រធានវិទ្យាស្ថានប៉ាស្ទ័រជាតំណាង ហើយខាងក្រុមហ៊ុន b.Consulting Cambodia គឺមានលោក ហ្វ្លូរ៉ង់ បូហេម (Florian BOHEME) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។
សូមបញ្ជាក់ថា នៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារសុវត្ថិភាព គឺជាអាទិភាពចម្បង ដើម្បីជួយការពារអ្នកបរិភោគ និងអ្នកប្រើប្រាស់ពីហានិភ័យសុខភាព រួមទាំងការពារឧស្សាហកម្មពីផលវិបាកផ្នែកច្បាប់។ ជារួមសម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ក្រុមហ៊ុន b.Consulting Cambodia សហការរៀបចំមធ្យោបាយងាយស្រួលសម្រាប់ឧស្សាហកម្មភោជនីយដ្ឋាន និងក្រុមអាជីវកម្មទទួលបានចំណេះដឹងចាំបាច់ ដើម្បីឱ្យស្របតាមច្បាប់សុវត្ថិភាពចំណីអាហារថ្មី ខណៈវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលដោយមានគោលបំណងបញ្ជូនព័ត៌មានសំខាន់ៗអំពីហានិភ័យនៃការចម្លងរោគអាហារ និងកម្មវិធីអនុវត្តប្រធានបទ HACCP ។
លោកសាស្ត្រាចារ្យ អង់ដ្រេ ស្ពីហ្គេល(André Spiegel ) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងថា កិច្ចសហការនេះ គឺជាភស្តុតាងនៃសមត្ថភាពបច្ចេកទេស និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃសេវាកម្មគុណភាពនៃមន្ទីរពិសោធន៍ និងបុគ្គលិករបស់ខ្លួន។សមិទ្ធិផលនេះគឺជាជំហានមួយទៀតនៃគោលដៅរបស់ IPC ក្នុងការកែលម្អគុណភាពនៃសេវាកម្មមន្ទីរពិសោធន៍ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃលទ្ធផលសម្រាប់អតិថិជន។
លោកសាស្រ្តាចារ្យ បានបង្ហាញពីភាពប្រាកដថា ភាពជាដៃគូដែលកំពុងធ្វើជាផ្លូវការនាពេលនេះជាមួយ អ្នកជំនាញប្រឹក្សាផ្នែកបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ b. Consulting Cambodia នឹងអនុញ្ញាតឱ្យវិទ្យាស្ថានធ្វើការបណ្តុះបណ្តាលនេះអាចចូលដំណើរការកាន់តែប្រសើរ ដែលអាចពង្រឹងការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ សម្រាប់ប្រជាជនកម្ពុជា។
លោក ហ្វ្ល័ររេន បូហេម( Florian Bohem) នាយកប្រតិបត្តិនៃ b.Consulting Cambodia បានលើកឡើងដែរថា b.Consulting ជាអ្នកមានជំនាញផ្នែកប្រឹក្សាយោបល់ផ្នែកអាហារ និងភេសជ្ជៈ និងបដិសណ្ឋារកិច្ច ។កិច្ចសហការជាមយយវិទ្យាស្ថានប៉ាស្ទ័រនាពេលនេះ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ និងការចម្លងរោគពីអាហារ គឺតាមរយៈការបណ្តុះបណ្តាលបុគ្គលិកភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងអាហារដ្ឋានឱ្យកាន់តែប្រសើរឡើង ។
លោកបានបន្តថា ភាពជាដៃគូនេះ វាអាចបញ្ចូលគ្នានូវឧត្តមភាព និងចំណេះដឹងដ៏ទូលំទូលាយនៃក្រុមការងាររបស់វិទ្យាស្ថានប៉ាស្ទ័រ ជាមួយនឹងតម្រូវការក្នុងការបង្រៀនការបណ្តុះបណ្តាលតាមរបៀបសាមញ្ញា និងការអនុវត្តជាក់ស្តែងដែលមនុស្សគ្រប់គ្នាអាចយល់បា។
គួររម្លឹកថា ប្រទេសកម្ពុជាបានចែងច្បាប់ថ្មីស្ដីពីសុវត្ថិភាពចំណីអាហារ ដែលចូលជាធរមាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការកំណត់ក្របខ័ណ្ឌច្បាប់ និងយន្តការគ្រប់គ្រងសុវត្ថិភាព គុណភាព និងអនាម័យនៃផលិតកម្មចំណីអាហារ និងអាជីវកម្មពាក់ព័ន្ធគ្រឿងបរិភោគ ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា