កូនឈើ ជិត ២ពាន់ដើម ត្រូវបានដាំ នៅតាមបរិវេណផ្សេងគ្នា នាខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង

ខេត្តកណ្ដាល៖ កូនឈើប្រណិតជាង ១ ០០០ដើម ត្រូវបាន ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានរៀបចំដាំនៅតាមបរិវេណរមណីយដ្ឋាន រាជិនីលង្វែក ក្នុងខេត្តកណ្ដាល ខណៈដែលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យក៏បានចុះដាំដើមឈើចំនួន៨០០ដើមផងដែរ នៅតាមបរិវេណវត្តអារាម និងនៅតាមសាលារៀនក្នុងខេត្តកំពង់ឆ្នាំង។

លោក ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញាថា ដោយមានការណែនាំពីឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកបានរៀបចំការដាំកូនឈើចំនួន ៨០០ដើម ក្នុងបរិវេណវត្តជីសុវណ្ណ ក្នុងសាលាបឋមសិក្សាក្រោលជី និងក្នុងបរិវេណអនុវិទ្យាល័យក្រោលជី ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកបានបន្តថា ៖ «ក្រៅពីការដាំកូនឈើទាំងនេះហើយ ខ្ញុំ និងក្រុមការងារ ក៏បាននាំយកសៀវភៅសរសេរ ចំនួន ១ ០០០ ក្បាល ដែលជាអំណោយរបស់ ឯកឧត្តម ស សុខា ប្រគល់ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាក្រោលជី និងអនុវិទ្យាល័យក្រោលជី សម្រាប់បន្តចែកជូនដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតផងដែរ»។

ដោយឡែក យោងតាមការជូនដំណឹងរបស់រមណីយដ្ឋាន រាជិនីលង្វែក នៅថ្ងៃទី៩ ខែកញ្ញា ក៏មានរៀបចំដាំដើមឈើជាង១ពាន់ដើមផងដែរ ដែលក្នុងនោះមាន៖ ដើមសុភមង្គលចំនួន ៥០០ ដើម, ដើមច័ន្ទក្រ អូ បចំនួន ១០០ដើម និងដើមច័ន្ទគិរី ចំនួន ៥០០ដើម។
ការដាំដើមឈើជាង១ពាន់ដើមនេះ មានការដឹកនាំ និងចូលរួមពីលោកស្រី សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងជាមាតាស្ថាបនិកមហារមណីយដ្ឋានរាជិនីលង្វែកនេះផងដែរ។

សេចក្តីជូនដំណឹង បានបន្តថា ដើមឈើទាំងនេះ បានដាក់ដាំនៅតាមមាត់បឹងច័ន្ទក្នុងរមណីយដ្ឋាននេះដែលស្ថិតនៅភូមិពាមជំនិក ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល ដែលពិធីដាំដើមឈើនេះ រៀបចំដើម្បីអបអរសាទរនៃថ្ងៃទិវាពិភពលោកគ្មានផ្សែងផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ៖ «ការរួមគ្នាដំាដើមឈើនេះ គឺដើម្បីជួយលើកស្ទួយបរិស្ថានបៃតង ទេសចរណ៍ និងកំណើនការងារក្នុងស្រុក ដោយរមណីយដ្ឋាន រាជិនីលង្វែក បានខិតខំបន្តដំណើរការគ្រប់កាលៈទេសៈ មិនថាថ្ងៃល្អ មេឃភ្លៀង ទឹកជំនន់ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្នឡើយ»៕

ដោយ ៖ ជា សុខនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner