មេដឹកនាំពិភពលោកសន្យាជួយប្រទេសម៉ារ៉ុក ក្រោយរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

ប៉ារីស៖ រដ្ឋាភិបាលម៉ារ៉ុកបាននិយាយកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញាថា គិតមកទល់ពេលនេះ ខ្លួនទទួលបានការផ្តល់ជំនួយពីប្រទេសចំនួន ៤ ក្នុងនោះរួមមានអង់គ្លេស អេស្ប៉ាញ កាតា និងអេមីរ៉ាត់អារ៉ាប់រួម បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានសម្លាប់មនុស្សជាង២,១០០នាក់។ ប៉ុន្តែបណ្តាប្រទេសជាច្រើនទៀតជុំវិញពិភពលោកបានតម្រង់ជួរគ្នា ដើម្បីផ្តល់ជំនួយដល់ប្រទេសម៉ារ៉ុក។

សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានបញ្ចេញថវិកាជាង ១លានដុល្លារ ពីមូលនិធិគ្រោះមហន្តរាយបន្ទាន់របស់ខ្លួន ដើម្បីគាំទ្រដល់ការងាររបស់អឌ្ឍចន្ទក្រហមម៉ារ៉ុក។ ប្រទេសអេស្ប៉ាញនៅថ្ងៃអាទិត្យម្សិលមិញ បានបញ្ជូនក្រុមសង្គ្រោះយោធា ៨៦នាក់ និងសត្វសុខនរុករក ៨ក្បាលទៅកាន់ប្រទេសម៉ារ៉ុក បន្ទាប់ពីទទួលបានសំណើសុំជំនួយជាផ្លូវការពីរដ្ឋាភិបាលទីក្រុងរ៉ាបា។

ចំណែកក្រុមអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តបារាំងមួយក្រុមបានទៅដល់ប្រទេសម៉ារ៉ុក ហើយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា ជំនួយដ៏ច្រើនគឺអាចរកបាន ប្រសិនបើម៉ារ៉ុកស្នើសុំវា។ រីឯសហរដ្ឋអាមេរិកក៏បានប្រាប់ម៉ារ៉ុកដែរថា ខ្លួនបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយចាំបាច់នានា រួមទាំងក្រុមរុករក និងជួយសង្គ្រោះផងដែរ។

ដោយឡែកប្រធានធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ, សហភាពអាហ្រ្វិក និងគណៈកម្មការអឺរ៉ុប រួមជាមួយនឹងប្រធានាធិបតីបារាំង និងឥណ្ឌា បានសន្យាក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយនឹងផ្តល់ជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយដល់ប្រទេសម៉ារ៉ុក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner