ការរក្សាថ្លៃស្រូវឱ្យស្ថិតនៅក្នុងកម្រិត «ប្រកួតប្រជែងតែផ្តល់ប្រាក់ចំណេញ» ដល់កសិករគឺជាយុទ្ធសាស្ត្រយូរអង្វែង និងនិរន្តរភាពនៃវិស័យនេះ

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការរក្សាតម្លៃស្រូវឱ្យស្ថិតនៅក្នុងកម្រិតប្រកួតប្រជែង តែផ្តល់ប្រាក់ចំណេញដល់កសិករ គឺជាយុទ្ធសាស្ត្រយូរអង្វែង ដែលនឹងផ្តល់និរន្តរភាពនៃវិស័យនេះ ខណៈអ្នកជំនាញនៅក្នុងវិស័យកសិកម្មថា ក្រសួងគួរមានគោលនយោបាយធានាតម្លៃ ឬគោលនយោបាយធានារ៉ាប់រងតម្លៃស្រូវ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ងថា នៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ បានកំណត់ចក្ខុវិស័យគ្រប់ជ្រុងជ្រោយមួយ សំដៅកសាងកសិកម្មកម្ពុជាដែល «ទំនើប មានភាពប្រកួតប្រជែង បរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តភាព»។ ឯកឧត្តម ថា ក្នុងនោះមានការលើកឡើងពីទិសដៅនៃការធ្វើឱ្យមានភាពរឹងមាំទាំងផ្នែកផលិតកម្មនិងការនាំចេញ ពោលគឺកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារ។
ឯកឧត្តមបាននិយាយថា ៖ «ដើម្បីឱ្យគោលដៅនេះអាចសម្រេចបានទន្ទឹមគ្នាសម្រាប់វិស័យស្រូវអង្ករ លុះត្រាតែយើងអាចសម្រេចបាននូវចំណុចកណ្តាលមួយ ដែលអាចទទួលយកបានទាំងសម្រាប់កសិករ និងអ្នកនាំចេញ ប៉ុន្តែនៅសល់មនុស្សមួយក្រុមទៀតដែលត្រូវទទួលបានការគាំពារដែរ នោះគឺអ្នកប្រើប្រាស់»។
អ្នកនាំពាក្យដដែលបានបន្តថា ៖ «បើថ្លៃពេក ពិបាកនាំចេញ អ្នកហូបរអ៊ូ ថោកពេក អ្នកហូបសប្បាយចិត្ត ឯអ្នកដាំជាអ្នករអ៊ូវិញម្តង! យើងត្រូវរកចំណុចកណ្តាលរួមនេះឱ្យឃើញ។ កសិករចំណេញ អ្នកនាំចេញងាយរកទីផ្សារ អ្នកពិសារបានសន្សំសំចៃ។ ហេតុដូច្នេះហើយទើបវាមានភាពចាំបាច់ដែលត្រូវថ្លឹងថ្លែងឱ្យបានសមរម្យ ក្នុងការរកឱ្យឃើញនូវចំណុចរួមមួយនៅក្នុងវិស័យកសិកម្ម ដែលបម្រើឱ្យមនុស្សទាំង៣ក្រុមនេះ»។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ដែរថា ការរកឃើញនូវចំណុចកណ្តាលរួមនេះ រួមមាន ការធ្វើឱ្យថ្លៃដើមធាតុចូលកសិកម្មបន្តថយចុះសម្រាប់កសិករ, ការពង្រីកទីផ្សារទៅក្រៅប្រទេសកាន់តែទូលំទូលាយសម្រាប់អ្នកនាំចេញ និងការធានាបាននូវស្ថេរភាពថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ។

លោក ហ៊ុន ឡាក់ អតីតថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នករកស៊ីចាស់វស្សានៅក្នុងវិស័យស្រូវអង្ករ បានប្រាប់ឱ្យដឹងដែរថា ការប្រែប្រួលអាកាសធាតុ ការកើតឡើងនូវគ្រោះធម្មជាតិនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក និងបញ្ហាសង្រ្គាម បានធ្វើឱ្យមានតម្រូវការស្បៀង ដែលនេះជាឱកាសសម្រាប់ប្រទេសដែលមានអតិរេកស្រូវ ប៉ុន្តែនេះគ្រាន់តែដំណាក់ការអន្តរកាលខ្លីប៉ុណ្ណោះ មិនអាចស្ថិរភាពយូរអង្វែងបានទេ។
លោកបានបញ្ជាក់ប្រាប់ថា ៖ «មែនទែនទៅ ទាល់តែយើងមានការរៀបចំជាប្រព័ន្ធតែម្តង ដូចជាផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ដើមទុនសម្រាប់អនុវត្តគោលនយោបាយទិញស្រូវស្តុកទុកនៅពេលរដូវប្រមូលផល និងការគិតគូរដល់មធ្យោបាយចំណាយផ្សេងៗដូចជា អគ្គិសនី ការដឹកជញ្ជូន កំពង់ផែជាដើមដែលធ្វើឱ្យវាប្រសើរឡើង ដែលអាចធានានិរន្តភាពនៃការផលិត និងមានភាពប្រកួតប្រជែងបាន»។

ចំណែក លោក យ៉ង ប៉ាក អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករ និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ីAgribee (Cambodia) យល់ឃើញថា បើចង់ឱ្យតម្លៃស្រូវកើននោះ អតិផរណា គ្រប់ទំនិញនឹងកើន។ វិធីសាស្រ្តដែលគួរពិចារណា គឺបន្ថយថ្លៃដើម បន្ថយហានិភ័យ និងបង្កើនទិន្នផល។
លោកបានពន្យល់បែបនេះថា ៖ «យើងអាចប្រើយន្តការបង្ការទុក កុំឱ្យមានបញ្ហាកើតមានឡើង ដូចជាការបង្ការការកើតមានរោគអី្វមួយកើតឡើង ដូចនេះយើងត្រូវមានអ្វីមួយបង្ការទុកមុន ដូចជាកើតមានសត្វល្អិតជាដើម។ ការបន្ថយថ្លៃដើម សំដៅដល់ ថ្លៃបូមទឹក ថ្លៃថ្នាំដង្កូវ និងថ្លៃពលកម្ម។ ការបង្ការហានិភ័យ គឺប្រព័ន្ធផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីហានិភ័យ និងប្រព័ន្ធធានារ៉ាប់រងដំណាំ និងប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ ដែលសព្វថ្ងៃ ប្រព័ន្ធស្រោចស្រពយើងបានតែ ៣០ភាគរយទេ»។
ចំណែកការបង្កើនទិន្នផលវិញ លោក យ៉ង ប៉ាក បញ្ជាក់ថា ៖ «ពូជខ្លះ យើងគួរឈប់យកមកប្រើ ព្រោះសក្តានុពលរបស់វា គឺបានទិន្នផលទាប។ ពូជខ្លះរើសដី រើសទឹក រើសជីជាដើម តែទោះជាយ៉ាងណា យើង (ភាគីពាក់ព័ន្ធ) ត្រូវមានផែនយុទ្ធសាស្រ្តដោយធ្វើយ៉ាងណាឱ្យកសិករ ទទួលទិន្នផលចន្លោះពី ៧តោនទៅ ៨តោន ក្នុងមួយហិកតា។ ១ហិកតា បានទិន្នផល ៨តោន ទោះតម្លៃទាប មកត្រឹម ៨០០រៀល ក៏នៅតែចំណេញដែរ ហើយក៏យើងស្រួលប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ ក៏ដូចក្នុងតំបន់»។
លោក យ៉ង ប៉ាក់ បានបន្តថា កន្លងមក តម្លៃស្រូវឡើងចុះ លឿនពេក ធ្វើឱ្យអ្នកទិញអង្ករ នៅទ្រឹង មិនហ៊ានសម្រេចចិត្តបញ្ជាទិញពីរោងម៉ាស៊ីន។ ជាធម្មតា អ្នករកស៊ី បើតម្លៃមិនច្បាស់លាស់ គឺគេនៅចាំមើលតម្លៃសិន។ នៅពេលតម្លៃរក្សាលំនឹង ចន្លោះពី ១សប្តាហ៍ទៅ២សប្តាហ៍ បានគេចាប់ផ្តើមទិញ-លក់។
«ខ្ញុំគិតថា យើងគួរមានគោលនយោបាយ សម្រាប់ក្សាតម្លៃស្រូវឱ្យនៅក្នុងចន្លោះមួយដែលកសិករក៏ទទួលយកបាន ហើយ រោងម៉ាស៊ីនក៏មានលទ្ធភាពទិញ ធៀបជាមួយតម្លៃអង្ករអន្តរជាតិ។ មួយវិញទៀត យើងឃើញអ្នកដែលមានឥទ្ធិពលក្នុងសង្គមមួយចំនួន ដែលមិននៅក្នុងវិស័យស្រូវអង្ករ តែងតែបញ្ចេញយោបល់ ដែលគ្មានមូលដ្ឋាន ធ្វើឱ្យមានការយល់ច្រលំ កាន់តែខ្លាំង»។ នេះបើតាមលោកយ៉ង ប៉ាក់ បានបញ្ជាក់បន្ថែម។
លោកថា ក្រសួងកសិកម្មមានប្រព័ន្ធទាក់ទងទាន់ហេតុការណ៍ (Hotline) ឱ្យពលរដ្ឋ ឬកសិករ អាចទាក់ទងសួរបាន ដោយរដ្ឋាភិបាល មានអ្នកជំនាញតាមមូលដ្ឋាន ចាំដោះស្រាយបញ្ហា និងជួយសម្របសម្រួលជូនប្រជាកសិករ។ ការនិយាយដោយគ្មានមូលដ្ឋាន មិនបានជួយដោះស្រាយអ្វីដល់កសិករទេ តែបានតែបន្ថែមកំដៅប៉ុណ្ណោះ៕

ដោយ ៖ វណ្ណ សុជាតា

ads banner