មន្រ្តីថា ការអប់រំឱ្យចេះពីវិធីសង្គ្រោះបឋម ឬសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងវិស័យរដ្ឋ និងឯកជន

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងឱ្យដឹងថា ការបង្រៀនឱ្យគ្រប់ស្ថាប័នទាំងអស់នៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជននីមួយៗ ទាក់ទងនឹងវិធីនៃការសង្គ្រោះបឋម គឺជារឿងល្អបំផុត ព្រោះការសង្គ្រោះនេះ មិនចាំបាច់ត្រូវការរៀនពេទ្យឱ្យបានជ្រៅជ្រះនោះឡើយ។
នេះជាការលើកឡើងរបស់ ឯកឧត្តម នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយលោកបានប្រាប់បន្ថែមថា នៅផ្នែកវេជ្ជសាស្ត្រ ការសង្គ្រោះបឋម ឬសង្គ្រោះបន្ទាន់នេះ មានសារៈសំខាន់ខ្លាំងណាស់មិនថានៅក្នុងវិស័យរដ្ឋ ឬវិស័យឯកជននោះទេ។
ឯកឧត្តម បានលើកឡើងថា ៖ «ក្នុងវិស័យរដ្ឋ ឬវិស័យឯកជន ត្រូវតែមានក្រុមតំណាង ឬក្រុមជនបង្គោលណាមួយ ដើម្បីបណ្ដុះបណ្ដាលឱ្យពួកគាត់ចេះជំនាញក្នុងការសង្គ្រោះបឋមសម្រាប់ជួយស្ថាប័នរបស់ពួកគាត់ ពីព្រោះហានិភ័យនៃគ្រោះថ្នាក់មិនមាននរណាម្នាក់អាចដឹងមុនបានឡើយ»។
ឯកឧត្តម នុត សម្បត្តិ ថ្លែងបន្តថា ៖ «ការបង្រៀនឱ្យគ្រប់ស្ថាប័នទាំងអស់នៅតាមក្រសួងនីមួយៗឱ្យចេះពីវិធីនៃការជួយសង្គ្រោះបឋមនេះ គឺវាជារឿងល្អបំផុតមួយ ព្រោះការសង្គ្រោះបឋមនេះ មិនចាំបាច់ថាគាត់ត្រូវរៀនពេទ្យបានជ្រៅជ្រះនោះទេ តែអាចជួយគេបានតាមវិធីដូចជា ផ្លុំខ្យល់ដង្ហើម ធ្វើចង្វាក់បេះដូងជាដើម»។

លើលពីនេះទៀត ឯកឧត្តម មើលឃើញថា សព្វថ្ងៃនេះចំណេះដឹងសង្គ្រោះបឋមមិនថាប្រជាពលរដ្ឋ ឬក៏ក្រុមហ៊ុន សហគ្រាសខ្លះនៅកម្ពុជា នៅមានកម្រិតតិចតួចខ្លាំង ជាក់ស្តែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ គឺតែងតែឃើញមនុស្សជាច្រើនទៅរោមជិតជនរងគ្រោះ ដែលធ្វើឱ្យអាយុជីវិតជនរងគ្រោះកាន់តែហានិភ័យ។
ឯកឧត្តម បាននិយាយថា ៖ «ខ្ញុំគិតថា ប្រជាជនយើងនៅមានកម្រិតទាបនៃការយល់ដឹងការសង្គ្រោះបឋមហ្នឹង បើប្រៀបជាមួយប្រជាជននៅប្រទេសជិតខាងយើង»។
ទាក់ទងនឹងការជួយសង្រ្គោះបឋមនេះ កាលពីចុងសប្តាហ៍មុននេះ កាកបាទក្រហមកម្ពុជា បានរៀបចំទិវាពិភពលោកវិជ្ជាសង្គ្រោះបឋមក្រោមប្រធានបទ «វិជ្ជាសង្គ្រោះបឋមក្នុងសម័យឌីជីថល» នៅផ្សារទំនើប អ៊ីអន៣។

យោងតាមការប្រកាសរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងពិធីនោះ បានថ្លែងឡើងថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជាដ៏មានសារៈសំខាន់មួយ ដែលទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់សង្គ្រោះក្រុមគ្រួសារ បងប្អូន ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដែលរងគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។
គ្រោះថ្នាក់ទាំងនោះមានដូចជា៖ ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង លង់ទឹក និងគ្រោះថ្នាក់ចរាចរណ៍ជាដើម មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ។
លោកជំទាវមានប្រសាសន៍ថា ៖ «ការប្រារព្ធទិវាពិភពលោកសង្រ្គោះបឋមនេះ ដើម្បីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ហើយវិជ្ជាសង្គ្រោះបឋមពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយអាយុជីវិតជនរងគ្រោះ មុនពេលរថយន្តមកដល់ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១-២០៣០ គ្រួសារមួយមានមនុស្សម្នាក់ ស្ថាប័នសាធារណៈ ឬវិស័យឯកជន យល់ដឹងពីវិជ្ជាសង្រ្គោះបឋម»៕

ដោយ ៖ ជា សុខនី

ads banner