អគ្គស្នងការនគរបាលជាតិ បានសម្រេចដកហូតមុខតំណែងលោក ហុង សារ៉ុម ពីនាយប៉ុស្តិ៍នគរបាលសំព្រោជ

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ស ថេត បានសម្រេចដកហូតមុខតំណែងលោក ហុង សារ៉ុម ពីនាយប៉ុស្តិ៍នគរបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ឱ្យមកជាមន្រ្តី ដោយសារជននេះល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ខណៈសង្គមស៊ីវិល បង្ហាញការគាំទ្រ និងស្នើឱ្យបន្តអនុវត្តទៅលើស្ថាប័ន ឬអង្គភាពផ្សេងៗទៀត។
ឯកឧត្តម ស ថេត បានលើកឡើងដូចនេះតាមរយៈសេចក្តីសម្រេចស្តីពីការអនុវត្តវិន័យមន្រ្តីនគរបាលជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម បានបញ្ជាក់ថា ៖ «សម្រេចដកហូតមុខតំណែង ចំពោះអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឱ្យមកជាមន្រ្តី ដោយយោងតាមមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

លោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទាក់ទងនឹងករណី មេប៉ុស្តិ៍ឃុំសំព្រោជនេះ។
បើយោងតាមលិខិតបង្គាប់ការស្តីពីការផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្រ្តីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលជាតិ ដែលចុះហត្ថលេខាដោយលោក ម៉ែន លី កាលពីថ្ងៃទី១០ ខែកញ្ញា បានលើកឡើងថា «សម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក ហុង សារ៉ុម មូលហេតុពាក់ព័ន្ធសំណុំរឿងរបស់តុលាការ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ បានថ្លែងឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ថា វិធានការទៅលើមេប៉ុស្តិ៍ឃុំសំព្រោជនេះ ជាការចាប់ផ្តើមចេញដំណើររបស់រាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការកែទម្រង់លើការគ្រប់គ្រងរដ្ឋបាលសាធាណៈ។
លោកបានបន្តថា ការមានវិធានការទៅលើបុគ្គលដែលមានប្រវត្តិមិនល្អ ដោយធ្លាប់ប្រព្រឹត្តិបទល្មើសពីមុនមក គឺជារឿងត្រឹមត្រូវ ហើយបើឱ្យពួកគាត់នៅតែបន្តគ្រប់គ្រងកិច្ចការណាមួយផ្នែកសន្តិសុខ នោះនឹងធ្វើ ឱ្យប្រជាពលរដ្ឋកាន់តែមិនមានជំនឿជឿជាក់ និងទុកចិត្តលើកងកម្លាំងនគរបាលជាតិថែមទៀតផង។
លោក អំ សំអាត បានបង្ហាះការគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធលើករណីមេប៉ុស្តិ៍សំព្រោជ នេះ ដោយលោថា៖ «នេះគឺជាការត្រឹមត្រូវ និងគួរតែអនុវត្តទៅលើស្ថាប័ន ឬអង្គភាពផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីប្រព្រឹត្តិបទល្មើស ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ ឬបាត់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការបម្រើសេវាសាធាណៈ»។

សូមបញ្ជាក់ថា លោក ហុង សារ៉ុម ត្រូវបានចាប់ និងចោទប្រកាន់ពីបទ «សមគំនិតក្នុងបទលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា» ដែលប្រព្រឹត្តនៅចំណុចផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ តាមមាត្រា២៩ ១០៧ និង៣៥៧នៃក្រមព្រហ្មទណ្ឌ។
សូមរម្លឹកដែរថា ការសម្រេចដកលោក ហុង សារ៉ុមពីតួនាទីនេះ បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែកញ្ញា បានបញ្ជាឱ្យឯកឧត្តម ស ថេត ពិនិត្យស្រាវជ្រាវជុំវិញការតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ៕

ដោយ ៖ គឹម យុត្ថារ៉ូ

ads banner