ក្រសួងការងារកំណត់យកថ្ងៃទី ២៨ ខែ​កញ្ញាជាថ្ងៃបញ្ចប់កិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៤ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កា​ត់ដេរ និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ តំណាងភាគីកម្មករនិយោជិតនៅតែបន្តរក្សាជំហរតួលេខ២១៥ ដុល្លារ និងតំណាងភាគីនិយោជករក្សាជំហរ២០១ដុល្លារដដែល ។ភាគីទាំងអស់បានឯកភាពនឹងពន្លឿនបញ្ចប់ការពិភាក្សាចុងក្រោយត្រឹមថ្ងៃទី២៨ ខែកញ្ញាខាងមុខ។

ក្រោយកិច្ចប្រជុំនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាគីនីមួយៗ នឹងធ្វើការសម្របសម្រួលផ្ទៃក្នុងរៀងខ្លួនម្តងទៀត ដើម្បីរកឱ្យបាននូវគោ​លជំហរផ្លូវការរបស់ខ្លួន ដោយនឹងពិនិត្យ និងលើកសំណូមពរ​ដាច់ដោយឡែករៀងខ្លួន ដើម្បីយកមកជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីដោះស្រាយ នៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ។

ចំពោះភាពខុសគ្នាច្រើន នៃកំណត់តួលេខរវាងតំណាងកម្មករនយោជិត និងតំណាងនិយោជកនេះដែរ ត្រូវបានឯកឧត្តម  ហេ​ង សួរ អះអាងថា ការលើកឡើងនៃតួលេខប្រាក់ឈ្នួលរបស់ភាគីទាំងពីរ ​អាស្រ័យលើលក្ខណៈវិនិច្ឆ័យទាំង៧ ស្តីពី​ស្ថានភា​ពសេដ្ឋកិច្ច និងសង្គម ដោយភាគីខាងកម្មករនិយោជិតផ្អែកបញ្ហាអតិផរណា ខណៈខាងនិយោជក គិតទៅលើភាពប្រកួតប្រ​ជែង តម្រូវការ និងបញ្ហាប្រឈម ក្នុងវិស័យនេះ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «ឆ្នាំនេះមិនមានប្រទេសណាដែលដំឡើងប្រាក់ឈ្នួលអប្បបរមានោះទេ ។អ៊ីចឹងនៅពេលគេអត់ដំឡើងហើយយើងដំឡើង ភាគីនិយោជកគេបារម្ភថា អ្នកបញ្ជាទិញអាចបង្វែការបញ្ជាទិញទៅប្រទេសដទៃផ្សេងទៀត ពីព្រោះប្រ​ទេសយើងកំណត់ប្រាក់ឈ្នួលអប្បបរមាជាដុល្លារ»។

«ប្រទេសផ្សេងមិនបានពិចារណាលើការដំឡើងហើយ លុយរបស់គេចុះថោក ។ដូចនេះនៅពេលដែលលុយចុះថោក ធ្វើឱ្យប្រាក់ឈ្នួលគេជាដុល្លារកាន់តែទាបទៀត ។ឆ្នាំនេះ ប្រទេសគេមិនចចារ ​វាជាសម្ពាធមួយដែលធំដែរ ព្រោះថាកម្ពុជា​ មិនមែ​នជាប្រទេសតែមួយគត់ដែលផលិត នៅក្នុងវិស័យកាត់ដេរនោះទេ»។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តម ហេង សួរ។

ទោះជាយ៉ាងណាក៏ដោយឯកឧត្តមថា ភាគីរាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដល់ភាគីទាំងសងខាង ដែលធ្វើយ៉ាងឱ្យការចចារឈានដល់ចំណុចរួមមួយ ក្នុងករណីដែលមិនអាចរកចំណុចរួមឃើញ នឹងមានការបោះឆ្នោតសម្រេចតែម្តង។

លោក ណាង សុធី តំណាងភាគី​និយោជក បានប្រាប់ឱ្យដឹងដែរថា​ ជាជំហរ ខាងនិយោជក ​ឈានដល់ការដំឡើងបន្តិចគឺ២​០១,៥ដុល្លារ ដោយសំណូមពរសុំឱ្យខាងសហជីពឯកភាព។ ប៉ុន្តែខាងសហជីពមិនឯកភាព ទើបក្រុមប្រឹក្សាជាតិប្រាក់ឈ្នួ​លអប្បបរមាសម្រេចថាយកតួលេខចាស់២០១ ដុល្លារវិញ និងឱ្យភាគីទាំងពីរទៅប្រជុំផ្ទៃក្នុង នឹងកំណត់តួលេខបន្តទៀត សម្រាប់ពិភាក្សាថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ។

លោក សុធី បានថ្លែងបែបនេះថា ៖ «ខាងនិយោជកមានការជឿជាក់លើរាជរដ្ឋាភិបាល ចំពោះការសម្របសម្រួលយកតួលេខមួយដែលមានភាពសមរម្យ ដោយ​ថ្ងៃទី១៨ ខែកញ្ញាខាងមុខ នឹងមានការកំណត់តួលេខចុងក្រោយ ហើយថ្ងៃទី២៨ ​នឹងបោះឆ្នោត យកតួលេខផ្លូវការ ក្រោយមកនឹងសុំគោលការណ៍សម្រេចចុងក្រោយពីរាជរដ្ឋាភិបាល»។

ចំណែកលោក គឹម ចាន់សំណាង ភាគី​សហជីព​តំណាង​កម្មករនិយោជិក វិញ​​ក៏បានលើកឡើងដែរថា ភាគីនិយោជិក នឹងបន្តជួបប្រ​ជុំពិភាក្សាគ្នា ដើម្បីកំណត់តួលេខណាមួយដែលអាចទទួលយកបានទាំងអស់គ្នានាកិច្ចប្រជុំខាងមុខទៀត។

លោក​ថា ៖ «ការប្រជុំបន្តរបស់យើងលើកក្រោយ អាចនឹងមានការប្រែប្រួលចំពោះតួលេខ ដោយសារយើងត្រូវការពិភាក្សាល​ម្អិតជាមួយសហជីពយើង ដែលមានសមាជិក១៧នាក់ ក្នុងចំណោមនេះមានមតិខ្លះមិនទាន់បានចូលជាធ្លុងមួយនៅឡើយ​។ ដូច្នេះយើងនឹងពិភាក្សាគ្នាលម្អិតបន្តទៀត»។

បើតាមរដ្ឋមន្រ្តីក្រសួងការងារ នាវេទិការាជរដ្ឋាភិបាល ជាមួយវិស័យឯកជន នៅខែវិច្ឆកា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចមហាបវរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងពិនិត្យមើល និងកែសម្រួលលើបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីឱ្យការវិនិយោគនិងប្រតិបត្តិការអាជីវកម្មកាន់តែមានភាពអំណោយ៕

ដោយ៖វណ្ណ សុជាតា

ads banner