លោក ស៊ូណាក់ លើកឡើងពីការព្រួយបារម្ភជុំវិញបញ្ហាចារកម្មរបស់ចិននៅក្នុងសភាអង់គ្លេស

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានលើកឡើងអំពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំង ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការជ្រៀតជ្រែកនៅក្នុងសភាអង់គ្លេស។ នេះជាការរៀបរាប់ពីកង្វល់របស់លោក ស៊ូណាក់ ទៅកាន់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា បន្ទាប់ពីមានការចាប់ខ្លួនចារបុរសចិនម្នាក់ដែលធ្វើការនៅក្នុងសភាអង់គ្លេស។​

លោក ស៊ូណាក់ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងញូវដេលី (New Delhi) ថា លោកបានសម្តែងការព្រួយបា​រម្ភយ៉ាងខ្លាំងអំពីការចូលជ្រៀតជ្រែកលទ្ធិប្រជាធិបតេយ្យនៅក្នុងសភារបស់អង់គ្លេស ដោយលោកបានលើកឡើងថា វាជារឿងដែលមិនអាចទទួលយកបាននោះទេ។ លោកបានបន្ថែមថា ជំនួបរបស់លោកជាមួយលោក លី នៅក្នុងកិច្ចប្រជុំ G20 គឺជាគំរូល្អមួយដែលមានអត្ថប្រយោជន៍ក្នុងការចូលរួមដោះស្រាយបញ្ហាដោយផ្ទាល់ ជាជាងការស្រែកដាក់គ្នាពីចម្ងាយ។​

លោក ស៊ូណាក់ បាននិយាយថា ៖ «​យើង​បាន​ពិភាក្សា​អំពី​រឿង​មួយ​ចំនួនហើយ​ខ្ញុំ​បាន​លើក​ឡើង​ពី​ចំណុច​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ ហើយនេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងដើម្បីការពារខ្លួន ការពារគុណតម្លៃ និងផលប្រយោជន៍ ដើម្បីសម្រួលគោលជំហររបស់យើងចំពោះប្រទេសចិន ក៏ដូចជាជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងរួមមានអាមេរិក អូស្ត្រាលី កាណាដា ជប៉ុន និងប្រទេសដទៃទៀត»។​

យោងតាមកាសែត The Sunday Times បានរាយការណ៍ថា អ្នកស្រាវជ្រាវសភាម្នាក់ដែលមានទំនាក់ទំនងជាមួយសមាជិកសភាមកពីគណបក្សអភិរក្សនិយម រួមទាំងមានទំនាក់ទំនងជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេស លោកស្រី អាលីស៊ា ឃឺនស៍ (Alicia Kearns) ផងនោះ ត្រូវបានចាប់ខ្លួន ដោយពួកគេបានប្រព្រឹត្តខុសទៅនឹងច្បាប់រក្សាការណ៍សម្ងាត់របស់រដ្ឋ។

គួររំឭកថា នៅថ្ងៃទី១៣ ខែមីនា អ្នកស្រាវជ្រាវ និងបុរសម្នាក់ទៀតត្រូវបានចាប់ខ្លួន ហើយអង្គភាពប្រឆាំងភេរវកម្មដែលទទួលខុសត្រូវចំពោះករណីចារកម្ម កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ។​

យោងតាមកាសែតដដែលខាងលើបានឱ្យដឹងថា អ្នកស្រាវជ្រាវម្នាក់ដែលមានអាយុ ២០ ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងអ៊ីដេនបឺកEdinburgh) និងបុរសទី២ដែលមានអាយុ ៣០ ឆ្នាំត្រូវបានចាប់ឃុំខ្លួននៅក្នុងស្រុកអកហ្វដស៊ា (Oxfordshire)។ យ៉ាងណាក៏ដោយ បន្ទាប់ពីក្រុមប៉ូលីសបានចាប់ឃុំខ្លួនបណ្ដោះអាសន្ន ពួកគេក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំរហូតដល់ដើមខែតុលា ឆ្នាំ២០២៣ នេះ។​

អង្គការសម្ព័ន្ធអន្តរសភាស្តីពីប្រទេសចិន ដែលជាក្រុមជំរុញរដ្ឋាភិបាលអង់គ្លេសឱ្យរឹតបន្តឹងគោលជំហរជាមួយទីក្រុងប៉េកាំង បានសម្តែងការភ្ញាក់ផ្អើលចំពោះរបាយការណ៍ដែលថាមានការជ្រៀតជ្រែកចូលផ្ទៃក្នុងសភារបស់អង់គ្លេសដោយបុគ្គលដែលធ្វើការបម្រើប្រយោជន៍ដល់សាធារណរដ្ឋប្រជាមានិតចិន។

លោកស្រី ឃឺនស៍ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ ប៉ុន្តែលោកស្រីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខ្ញុំទទួលស្គាល់ផលប្រយោជន៍សាធារណៈរបស់យើងទាំងអស់គ្នា។ យើងមានកាតព្វកិច្ចដើម្បីធានាថាការងាររបស់អាជ្ញាធរមិនមានគ្រោះថ្នាក់អ្វីនោះទេ»​។ មនុស្សម្នាក់ដែលជិតស្និទ្ធនឹងលោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន PA ថា «វាជៀសមិនរួចនោះទេដែលបក្សកុម្មុយនីស្តចិន នឹងអាចកំណត់គោលដៅ ព្យាយាមលុបបំបាត់សំឡេងដែលគាំទ្រដល់ការរារាំងមហិច្ឆតារបស់ចិននៅក្នុងសភាអង់គ្លេស»។​

អ្នកស្រាវជ្រាវនោះ ក៏មានទំនាក់ទំនងជាមួយរដ្ឋមន្ត្រីសន្តិសុខ លោក ថម ធូហ្គេនហាត (Tom Tugendhat) ផងដែរ ប៉ុន្តែត្រូវបានគេកត់សម្គាល់ថា អ្នកទាំងពីរមិនបានទាក់ទងគ្នាចាប់តាំងពីលោក ធូហ្គេនហាត បានចូលកាន់ដំណែងជារដ្ឋមន្ត្រីសន្តិសុខមកម៉្លេះ នេះបើយោងតាមរបាយការណ៍របស់កាសែត The Sunday Times។

គួររំឭកថា កាលពីចុងខែសីហា លោក ជេមស៍ ក្លេវឺលី (James Cleverly) រដ្ឋលេខាធិការក្រសួងការបរទេស បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង បើទោះជាមានការរិះគន់ពីសមាជិកសភាមកពីគណបក្សអភិរក្សនិយមមួយចំនួនក៏ដោយ។​

សមាជិកសភាអភិរក្សនិយម លោក អ៊ាន ឌូខេន ស្ម៊ីតស៍ (Iain Duncan Smith) បានថ្លែងថា ស្ថាប័នរដ្ឋរបស់អង់គ្លេ​សជាច្រើនត្រូវបានជនជាតិចិនជ្រៀតជ្រែកចូលយ៉ាងជ្រៅ ហើយថារដ្ឋាភិបាលអង់គ្លេសតែងតែគិតថាប្រទេសចិនជាអ្នកបង្កបញ្ហាអាជីវកម្ម ប៉ុន្តែពួកគេមិនបានដឹងនោះទេថា តើការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេសចិន កំពុងវិវត្តទៅដល់ណាហើយនោះទេ»។​

ជំនួបរវាង លោក ស៊ូណាក់ និងលោក លី នៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ជាជំនួបដែលបានគ្រោងទុកមុន ប៉ុន្តែជំនួបនេះទើបតែត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua) លោក លី បានប្រាប់ទៅកាន់លោក ស៊ូណាក់ ថាអង់គ្លេសនិងចិនគួរតែដោះស្រាយបញ្ហាខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដោយគោរពផលប្រយោជន៍ និងកង្វល់របស់គ្នាទៅវិញទៅមក៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ POLITICO UK’s Sunak raises ‘strong concerns’ over alleged China spy in parliament

ads banner