លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៣ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា

ញូវដេលី៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ មេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗ​ G20 បានបិទបញ្ចប់កិច្ចប្រជុំកំពូលរបស់ពួកគេដែលបានធ្វើនៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា។ បើទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញបញ្ហាសង្រ្គា​មនៅអ៊ុយក្រែនក៏ដោយ ក៏ពួកគេអាចសម្រេចបាននូវកិច្ចព្រមព្រៀងរួមមួយ និងធ្វើឱ្យមានវឌ្ឍនភាពលើការងារមួយចំនួនដូចជាការកែទម្រង់ស្ថាប័ន ជាក់ស្ដែងដូចជាធនាគារពិភពលោកជាដើម។

លើសពីនេះ មេដឹកនាំទាំងអស់ក៏បានទទួលស្គាល់ជាផ្លូវការនូវសហភាពអាហ្រ្វ៊ិក (AU) ចូលជាសមាជិកពេញលេញនៅក្នុងប្លុកនេះ ដើម្បីពង្រីកសំឡេងតំណាងឱ្យបានកាន់តែច្រើន។​

G20 ហាក់បន្ទន់សំឡេងជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន

បណ្តាប្រទេស G20 បានព្រមព្រៀងគ្នាថា ការដណ្តើមយកទឹកដីតាមរយៈកម្លាំងយោធា ជារឿងដែលមិនអាចទទួលយកបាននោះទេ ហើយក៏បានសម្តែងការព្រួយបារម្ភចំពោះទុក្ខលំបាកដែលប្រជាជនអ៊ុយក្រែនកំពុងរងគ្រោះផងដែរ។ យ៉ាងណាក៏ដោយ ពួកគេមិនបានរិះគន់រុស្ស៊ីចំៗដោយផ្ទាល់ចំពោះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែននោះទេ។ ការណ៍នេះហាក់មានការផ្លាស់ប្តូរខុសពីឆ្នាំមុន ដែលកាលនោះក្រុមប្រទេស G20 ភាគច្រើនបានថ្កោលទោសរុស្ស៊ី និងបានអំពាវនាវឱ្យមានការដកទ័ពចេញពីទឹកដីអ៊ុយក្រែន។​

ក្រុមអ្នកការទូតបាននិយាយថា រុស្ស៊ីនឹងមិនទទួលយកការថ្កោលទោសទាំងស្រុងនោះទេ ប៉ុន្តែគេនៅតែអាចចាត់ទុកថាកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ ព្រោះបណ្ដាប្រទេសសមាជិកទាំងអស់ រួមទាំងរុស្ស៊ីផងនោះ បានសន្យាថានឹងមិនដណ្ដើមយកទឹកដីប្រទេសដទៃដោយប្រើប្រាស់កម្លាំងយោធានោះទេ។

គួរដឹងដែរថា ប្រទេសឥណ្ឌាដែលជាម្ចាស់ផ្ទះ ប្រេស៊ីល ឥណ្ឌូនេស៊ី និងអាហ្រ្វ៊ិកខាងត្បូង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាឯកភាពគ្នារបស់ G20 ទៅលើបញ្ហានៅអ៊ុយក្រែន ដែលនេះបានបង្ហាញពីការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុមប្រទេស G20 នេះ។​

ការចូលជាសមាជិកអចិន្ត្រៃយ៍សហភាពអាហ្រ្វ៊ិក

សហភាពអាហ្រ្វ៊ិកដែលមានសមាជិក ៥៥​ ប្រទេស ឥឡូវនេះបានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃប្លុក G20 ដូចទៅនឹងសហភាពអឺរ៉ុបហើយ។ ការក្លាយជាសមាជិកអចិន្ត្រៃយ៍នេះ បានធ្វើឱ្យ G20 កាន់តែមានបរិយាបន្នទូលំទូលាយ ដោយពីមុន មានតែអាហ្វ្រ៊ិកខាងត្បូងប៉ុណ្ណោះទេដែលជាសមាជិកក្នុង G20។ ការដាក់បញ្ចូលសហភាពអាហ្រ្វ៊ិកនេះផងដែរ នឹងពង្រីកសំឡេងចម្រុះកាន់តែខ្លាំងនៅក្នុងតំបន់លោកខាងត្បូង (Global South) ដែលកន្លងមក ក្រុមប្រទេស G7 តែងតែជាក្រុមប្រទេសដែលមានឥទ្ធិពលនាំមុខគេ។​

គេសង្កេតឃើញថា ការដាក់បញ្ចូលសហភាពអាហ្វ្រិកទៅក្នុង G20 បានធ្វើឡើងបន្ទាប់ពីក្រុមប្រទេស BRICS ដែលជាប្លុកមួយនាំមុខដោយប្រទេសចិន និងរុស្ស៊ី បានពង្រីកសមាជិកភាពរបស់ពួកគេដោយបានដាក់បញ្ចូលប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ និងបណ្ដាប្រទេសផ្សេងទៀតទៅក្នុងប្លុករបស់ខ្លួន។ ការពង្រីកសមាជិកភាពរបស់ BRICS ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងដើម្បីប្រកួតប្រជែងជាមួយ​ក្រុមប្រទេស G20 ។​

អាមេរិក អារ៉ាប៊ីសាអូឌីត ឥណ្ឌា ចាប់ដៃគ្នាបង្កើតច្រករបៀងដឹកជញ្ជូន

មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសដទៃទៀត បានប្រកាសពីផែនការបង្កើតការតភ្ជាប់ផ្លូវដែក និងកំពង់ផែរវាងតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង ហើយឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយថា វាគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយ។​

ជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូល G20 រដ្ឋបាលរបស់លោក បៃដិន ហាក់កំពុងស្វែងរកមធ្យោបាយធ្វើយ៉ាងណាប្រឆាំងនឹងយុទ្ធសាស្ត្រខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន ជាពិសេសការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដោយដាក់ទីក្រុងវ៉ាស៊ីនតោនជាជម្រើសដៃគូដ៏ល្អបំផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

យ៉ាងណាក៏ដោយ មិនមានការបញ្ជា​ក់ជាក់លាក់ណាមួយទាក់ទងនឹងការផ្តល់មូលនិធិ ឬនៅពេលណាដែលគម្រោងនេះនឹងត្រូវបញ្ចប់នោះទេ។ គម្រោងនេះ​ពាក់ព័ន្ធនឹងការសាងសង់ផ្លូវរថភ្លើងនៅមជ្ឈិមបូព៌ា ហើយភ្ជាប់វាទៅប្រទេសឥណ្ឌាតាមរយៈកំពង់ផែមួយ។​

វឌ្ឍនភាពបន្ថែមលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

មេដឹកនាំប្រទេស G20 បានសម្រេចបង្កើនសមត្ថភាពឱ្យបាន ៣ ដងនូវការផលិតថាមពលកកើតឡើងវិញជាសកលនៅត្រឹមឆ្នាំ២០៣០។ ពួកគេក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្មដោយគ្មានគោលដៅជាក់លាក់ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ។​

ប៉ុន្តែក្រុមប្រទេស G20 មិនបានផ្តល់នូវផែនការណាមួយដើម្បីកែប្រែគោលនយោបាយដែលមានស្រាប់ក្នុងការសម្រេចបាននូវគោលដៅពន្លឿនការផលិតថាមពលកកើតឡើងវិញនោះទេ។ G20 ក៏បានលើកឡើងថា ចំនួនទឹកប្រាក់ ៤ ទ្រីលា​នដុល្លារក្នុងមួយឆ្នាំ នឹងត្រូវការចាំបាច់ដើម្បីចំណាយសម្រាប់ធ្វើអន្តរកម្មទៅកាន់ថាមពលបៃតង ប៉ុន្តែមិនបានបញ្ជាក់អំពីវិធីសាស្ត្រដើម្បីអនុវត្តគោលនយោបាយនេះនៅក្នុងកិច្ចជុំកំពូលនោះទេ។​

លោក ម៉ូឌី បង្កើនឥទ្ធិពលរបស់ឥណ្ឌា

សម្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ការដឹកនាំកិច្ចប្រជុំកំពូល G20 គឺជាឱកាសមួយដ៏សំខាន់ដើម្បីបង្ហាញពិភពលោកថា ឥណ្ឌាជាមហាអំណាចការទូត និងសេដ្ឋកិច្ចដ៏មានឥទ្ធិពល ក៏ដូចជាការជំរុញលំហូរនៃការវិនិយោគ និងពាណិជ្ជកម្មចូលទៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។​

ភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានផ្តល់ឱ្យលោក ម៉ូឌី នូវឱកាសដើម្បីពង្រីកកេរ្តិ៍ឈ្មោះរបស់លោកនៅក្នុងប្រទេសឥ​ណ្ឌាផ្ទាល់ ដោយសារតែលោកនឹងឈរឈ្មោះបោះឆ្នោតនៅក្នុងអាណត្តិទីបីនាពេលខាងមុខនេះ។ មួយរយៈចុងក្រោយនេះ រូបភាពរបស់លោក ម៉ូឌី ត្រូវបានបិទផ្សាយជាផ្ទាំងពាណិជ្ជកម្មនៅក្នុងទីក្រុងញូវដេលី និងនៅកន្លែងសន្និសីទជាច្រើន។ សម្រាប់អ្នកគាំទ្ររបស់លោក ជោគជ័យនៃកិច្ចប្រជុំកំពូលនេះ គឺជាពេលវេលាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Reuters Key takeaways from the 2023 G20 summit in New Delhi

ads banner