ប៉ូលិសថៃចាប់ខ្លួនជនបរទេស៥រូប ជុំវិញការឆបោកពាក់ព័ន្ធនឹងលុយគ្រីបតូ

ថៃ៖ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតរបស់ប្រទេសថៃ (CCIB) បានឱ្យដឹងថា ជនជាតិចិនចំនួនបួននាក់ និងពលរដ្ឋឡាវម្នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែពួកគេពាក់ព័ន្ធនឹងការឆបោកលុយគ្រីបតូ ដែលធ្វើឱ្យមានការខាតបង់ជាង ២,៧ ប៊ីលានបាត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អ្នកនាំពាក្យរបស់ CCIB លោក Kissana Phathanacharoen បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៣ ២៨០ នាក់ បានធ្លាក់ខ្លួនជាជនរងគ្រោះវែបសាយវិនិយោគគ្រីបតូឆបោកមួយ ដែលមានឈ្មោះថា bchgloballtd.com ។

លោកបាននិយាយថា ជនរងគ្រោះបានចាប់ផ្តើមមកប្តឹងប៉ូលិសកាលពីខែវិច្ឆិកាឆ្នាំមុន ដោយអះអាងថាពួកគេត្រូវបានគេបញ្ឆោតឱ្យវិនិយោគលើមាស និងគ្រីបតូ ដូចជា USDT ជាដើម។

ការស៊ើបអង្កេតរបស់ CCIB បានរកឃើញថា មនុស្សជាច្រើនដែលជាប់ពាក់ព័ន្ធក្នុងការដំណើរការវ៉េបសាយនេះ ក៏ជាប់ពាក់ព័ន្ធជាមួយនឹងការក្លែងបន្លំផ្សេងទៀតផងដែរ។ បន្ទាប់ពីបានធ្វើការជាមួយនឹងការិយាល័យស៊ើបអង្កេត និងសន្តិសុខមាតុភូមិអាមេរិក និងភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិផ្សេងទៀត ទីបំផុតតុលាការថៃ បានអនុម័តដីកាចាប់ខ្លួនជនសង្ស័យបរទេសទាំង៥នាក់។

បើតាមបាងកកប៉ុស្តិ៍ អ្នកទាំង៥ ត្រូវចាប់ខ្លួនពីបទឃុបឃិតគ្នាប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែន ការក្លែងបន្លំជាសាធារណៈ ក៏ដូចជាការដាក់ព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ និងការលាងលុយជាដើម។ នៅថ្ងៃទី១០ ខែសីហា ការិយាល័យអគ្គមេធាវីបានឈានទៅកាត់ទោសជនសង្ស័យទាំង ៥នាក់។ បន្ទាប់មកនៅថ្ងៃទី៤ ខែកញ្ញា មន្ត្រីមកពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ បានរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេដែលមានតម្លៃ ៥៨៥ លានបាត។

លោក Kissana បាននិយាយថា CCIB នឹងបន្តទាក់ទងទៅជនរងគ្រោះ ដើម្បីធានាថា ពួកគេដឹងពីសិទ្ធិរបស់ពួកគេក្រោមច្បាប់។ លោកបន្តថា ការបោកប្រាស់វិនិយោគ បានបណ្តាលឱ្យមានការខូចខាតផ្នែកហិរញ្ញវត្ថុច្រើនបំផុត ក្នុងចំណោមការបោកប្រាស់ទាំងអស់ដែលបានរាយការណ៍ទៅប៉ូលិស។

អ្នកនាំពាក្យរបស់ CCIB ដដែលនិយាយទៀតថា ជនរងគ្រោះជាច្រើនបានវិនិយោគប្រាក់សន្សំរបស់ខ្លួន ទៅក្នុងគម្រោងក្លែងបន្លំ។

ជនរងគ្រោះមួយចំនួន ត្រូវបានជនចម្លែក ឬបរទេសអញ្ជើញឱ្យទៅជួបតាមរយៈវេទិកាអនឡាញ ឬកម្មវិធីទូរស័ព្ទបរទេស ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ ហើយធានាក្នុងរយៈពេលដ៏ខ្លី។ ការណ៍នេះហើយ ទើប CCIB ជំរុញឱ្យសាធារណជនត្រូវតាមដានលេខចុះបញ្ជីរបស់ក្រុមហ៊ុនដែលខ្លួនវិនិយោគជាមួយជានិច្ច៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner