យូអិនថា ការស្លាប់ក្នុងគ្រោះទឹកជំនន់នៅលីប៊ី ភាគច្រើនអាចជៀសវាងបាន បើសិនមានការព្រមានទាន់ពេល

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែកញ្ញា បានបញ្ជាក់ថា ការស្លាប់របស់មនុស្សរាប់ពាន់នាក់ក្នុងគ្រោះទឹកជំនន់នៅប្រទេសលីប៊ី អាចត្រូវបានបញ្ចៀស ប្រសិនបើការព្រមានជាមុន និងប្រព័ន្ធគ្រប់គ្រងគ្រាអាសន្នដំណើរការត្រឹមត្រូវ។

លោក Petteri Taalas ដែលជាប្រធានអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកកាសែតក្នុងទីក្រុងហ្សឺណែវថា កង្វះការព្យាករណ៍ឧតុនិយម និងការផ្សព្វផ្សាយ ឬសកម្មភាពព្រមានជាមុន គឺជាការរួមចំណែកដ៏ធំមួយដល់គ្រោះមហន្តរាយនេះ។ លោក Taalas បន្តថា ជម្លោះផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំដែលវាយលុកប្រទេសនេះបានបង្ហាញថា ផ្នែកឧតុនិយម និងបណ្តាញសង្កេតការណ៍របស់លីប៊ីត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ការអត្ថាធិប្បាយរបស់លោក Taalas បានកើតឡើងបន្ទាប់ពីទឹកជំនន់ភ្លាមៗដែលមានទំហំរលកយក្សស៊ូណាមិ បានវាយប្រហារភាគខាងកើតប្រទេសលីប៊ីកាលពីចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦,០០០នាក់ និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន ហើយមានការព្រួយបារម្ភថា ពួកគេអាចនឹងស្លាប់។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) របស់ប្រទេសលីប៊ី បានចេញការព្រមានជាមុន សម្រាប់អាកាសធាតុអាក្រក់ខ្លាំង ដែលនឹងមកដល់ ៧២ម៉ោងជាមុន ហើយក៏បានជូនដំណឹងដល់អាជ្ញាធររដ្ឋាភិបាលតាមសារអ៊ីមែលផងដែរ ដោយជំរុញឱ្យពួកគេចាត់វិធានការបង្ការជាមុន។ ប៉ុន្តែអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ (WMO) បាននិយាយថា ខ្លួនមិនច្បាស់ថាតើការព្រមាននោះ ត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពដែរឬអត់ទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner