ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដំណឹងប្រុងប្រយ័ត្នអំពើក្លែងបន្លំព្រះរាជសារ (Video Inside)
ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ន ចំពោះអំពើឆបោកដោយការក្លែងធ្វើព្រះរាជសារព្រះមហាក្សត្រ ក្នុងគោលដៅបំរើផលប្រយោជន៍បុគ្គល។
សេចក្តីប្រកាសរបស់ខុទ្ទកាល័យបានបង្ហាញនូវការក្លែងបន្លំលិខិត២ច្បាប់ជាព្រះរាជសារ ជាមួយការប្រើព្រះនាម និងព្រះហស្ថលេខារបស់ព្រះអង្គ ក្នុងការតែងតាំងឋានៈ និងមុខងារដល់បុគ្គលម្នាក់ឈ្មោះ «ហុក ប៊ុនរ៉េត»។
លិខិតក្លែងបន្លំជាព្រះរាជសារនោះ រួមមានលើកទីមួយគឺ នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ ដែលបានតែងតាំងឈ្មោះ ហុក ប៊ុនរ៉េត ជាឧត្តមមន្ត្រីថ្នាក់លេខ៣ នៃក្របខណ្ឌមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជានាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស។ ចំណែកលិខិតក្លែងបន្លំជាលើកទី២ បានតែងតាំងឈ្មោះ ហុក ប៊ុនរ៉េត ដដែល ជាជំនួយការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី១៥កញ្ញា បានហៅលិខិតក្លែងបន្លំដោយក្រុមទុច្ចរិតនោះ គឺដើម្បី «កេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន»។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យដដែល បានដាស់តឿន «ដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយនេះ»។