ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ តម្លើង៤ដុល្លារ ពីលើប្រាក់ខែបច្ចុប្បន្ន (Video Inside)

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ត្រូវបានតម្លើង ៤ដុល្លារ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះការតម្លើង ២ដុល្លារ គឺតាមយៈម្ចាស់ក្រុមហ៊ុន និង២ដុល្លារទៀត គឺជាការជួយឧបត្ថម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរតាមសារក្នុងបណ្តាញសង្គមបញ្ជាក់ថា «ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង១ខែ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោត របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ»។

សម្តេចធិបតីបានថ្លែងបន្តទៀតថា សម្តេច «បានតាមដានយ៉ាងយកចិត្តទុកដាក់ លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេលចាប់ផ្តើម» និងសម្តេចបញ្ជាក់ថា «ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត គឺជាអាទិភាពខ្ពស់ បំផុតរបស់រាជរដ្ឋាភិបាល»។

សម្តេចធិបតីនៅបានសរសេរក្នុងសារបញ្ជាក់ប្រាប់កម្មករទៀតថា ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេច «នឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត» ជាបន្ថែមទៀត។

សម្តេចធិបតីបានសរសេរប្រាប់កម្មករទៀតថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ, សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗ ជូនប្រជាពលរដ្ឋ។

ads banner