អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តសាកល្បងលើកដំបូង (Video Inside)
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើតេស្តសាកល្បងជាលើកដំបូង នូវជើងហោះហើរចំនួន៣ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣នេះ។
ក្រុមហ៊ុនដែលចូលរួមក្នុងការហោះហើរ ធ្វើតេស្តសាកល្បងជាលើកដំបូងនេះ រួមមានអាកាសចរណ៍ Sky Angkor Airlines ដែហោះចេញពីរាជធានីភ្នំពេញ, ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងបន្តមកកាន់ខេត្តសៀមរាប និងក្រុមហ៊ុនទី៣ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលហោះចេញពីទីក្រុងគុនមីងប្រទេសចិន មកកាន់ខេត្តសៀមរាប។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីនចាន់សិរីវុត្ថា បានថ្លែងថា ពិធីសម្ពោធជាផ្លូវការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះ គ្រោងនឹងធ្វើនៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។
អាកាសយានដ្ឋានថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។
ព្រលានយន្តហោះថ្មីនេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១ម៉ឺនតោនសម្រាប់ឆ្នាំ២០២៣ និងកើនដល់២ម៉ឺន៦ពាន់ តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០, ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦ម៉ឺន ៥ពាន់ ៨០០ជើង ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ទៅដល់ ១១ម៉ឺន ២ពាន់ ៧០០ជើង ចាប់ពីឆ្នាំ២០៤០ទៅ៕