អ៊ុយក្រែនថា នឹងទទួលបានប្រព័ន្ធការពារអាកាសបន្ថែមពីអឺរ៉ុប
គៀវ៖ លោក ប្រធានាធិបតីអ៊ុយក្រែន Zelensky បានអះអាងថា អ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារអាកាសបន្ថែមទៀត ពីសហភាពអឺរ៉ុប យោងតាមកិច្ចព្រមព្រៀងច្បាស់លាស់។
ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា លោកមាន «កិច្ចព្រមព្រៀងច្បាស់លាស់» ជាមួយនឹងបណ្តាប្រទេសអឺរ៉ុប ដើម្បីទទួលបានប្រព័ន្ធការពារអាកាស និងកាំភ្លើងធំបន្ថែមទៀត ពីអឺរ៉ុប។
លោក ប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាច របស់លោក បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុប នៅទីក្រុង Granada ប្រទេសអេស្ប៉ាញថា «យើងនឹងមានប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដោយមានកិច្ចព្រមព្រៀងច្បាស់លាស់»។
លោក Volodymyr Zelensky បន្តទៀតថា «ការទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត នេះ មានសារៈសំខាន់ណាស់ នៅមុនពេលរដូវរងា …អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ខ្ញុំសូមអរគុណ»។
នៅឯទីក្រុង Gostomel ក្បែរនឹងរដ្ឋធានី គៀវ (Kyiv) កងទ័ពអ៊ុយក្រែនបានសាកល្បងប្រព័ន្ធការពារដែនអាកាសថ្មី សំដៅលើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចធ្វើដំណើរ។
យោងតាមលោក Sergiy Nayev មេបញ្ជាការកងកម្លាំងចម្រុះរបស់កងទ័ពអ៊ុយក្រែន បានឲ្យដឹងថា «វាចាំបាច់ ដើម្បីពង្រីកបណ្តាញក្រុមកម្លាំងចល័ត ជាមួយកាំភ្លើងយន្តធុនធ្ងន់» ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត