យូនីសេហ្វ៖ គ្រោះមហន្តរាយធម្មជាតិ បង្ខំឲ្យក្មេងជាង ៤៣លាននាក់ ត្រូវផ្លាស់ទីលំនៅ
បរទេស៖ អង្គការយូនីសេហ្វបានឲ្យដឹងថា យ៉ាងហោចណាស់ មានកុមារជាង ៤៣ លាននាក់នៅលើពិភពលោកបានផ្លាស់ទីលំនៅ ដោយសារតែគ្រោះមហន្តរាយធម្មជាតិ។
ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងភ្លើងឆេះដែលបណ្តាលមកពីការឡើងកំដៅផែនដី បានធ្វើឱ្យកុមារ យ៉ាងហោចណាស់ ៤៣.១ លាននាក់ បានផ្លាស់ទីលំនៅ ក្នុងចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២១ ហើយនេះគ្រាន់តែជា «ផ្នែកតូចដែលអាចយល់បានពីស្ថានភាព ឬបញ្ហាដែលធំជាងនេះ ប៉ុន្តែមិនត្រូវបានបង្ហាញ» នេះគឺជាការព្រមានរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF (យូនីសេហ្វ) ដោយចង់បង្ហាញពីកង្វះការយកចិត្តទុកដាក់ ចំពោះអ្នកដែលងាយរងគ្រោះ ជាពិសេស ក្រុមកុមារ។
នៅក្នុងរបាយការណ៍ដ៏ទូលំទូលាយមួយអំពីបញ្ហានេះ លោកស្រី Laura Healy សហអ្នកនិពន្ធ របស់ទីភ្នាក់ងារ យូនីសេហ្វ បានរៀបរាប់លម្អិតអំពីរឿងរ៉ាវដ៏គួរឱ្យសោកស្ដាយ កើតឡើងចំពោះកុមារដែលរងផលប៉ះពាល់ ដោយលោកស្រីជឿថា អាចមានចំនួនកុមារច្រើនជាងនេះ ដែលបានផ្លាស់ទីលំនៅ ដោយសារតែគ្រោះមហន្តរាយធម្មជាតិទាំងនេះ។
របាយការណ៍ក៏បានបង្ហាញដែរថា បណ្តាប្រទេសដែលមានចំនួនប្រជាជនដ៏ច្រើន មានករណីផ្លាស់ទីលំនៅរបស់កុមារច្រើនជាងគេ ដែលរួមមាន នៅអាស៊ី ជាដើម។ ក្រៅពីនេះ នៅតំបន់អាហ្វ្រិក សំដៅលើបណ្តាប្រទេសជាកោះតូចៗ ក៏ប្រឈមនឹងបញ្ហានេះខ្លាំងដែរ។
ជាមួយគ្នានេះដែរ អង្គការយូនីសេហ្វ ក៏បានអំពាវនាវឱ្យមេដឹកនាំពិភពលោកលើកយកបញ្ហានេះ ទៅជជែកគ្នា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ «COP28» នៅទីក្រុងឌូបៃ នាខែវិច្ឆិកា និងធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត