កម្ពុជានិងប្រេស៊ីល ពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Mauro Vieira រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះជាវិជ្ជមាននៃមិត្តភាព និងទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូមិត្តអំពីវឌ្ឍនភាពនៃដំណើរការរៀបចំបើកស្ថានទូតកម្ពុជា នៅរដ្ឋធានី Brasilia នាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រេស៊ីល ដែលបានសម្របសម្រួលក្នុងដំណើរការនេះ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេស Mauro Vieira បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តបើកស្ថានទូតប្រេស៊ីល នៅភ្នំពេញ នៅឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីសារៈសំខាន់របស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បង្ហើបពីគម្រោងបេសកកម្មពាណិជ្ជកម្មរបស់គណៈប្រតិភូវិស័យឯកជនប្រេស៊ីល មកបំពេញទស្សនកិច្ចកម្ពុជានៅឆ្នាំក្រោយផងដែរ។ ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពនៃការចរចាកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការ និងការសម្រួលការវិនិយោគឱ្យបានឆាប់តាមអាចធ្វើបាន។

ភាគីទាំងពីរក៏បានពិភាក្សាអំពីផែនការសកម្មភាព សំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ វិធានការទាំងនេះរួមមាន សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០នទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រេស៊ីល នៅឆ្នាំ២០២៤ សកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម អប់រំ និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូត ព្រមទាំងសកម្មភាពបង្កើនកិច្ចសហការបច្ចេកទេស និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព។

ទន្ទឹមនេះ កម្ពុជាបានបង្ហាញការត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរនៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាបញ្ហាតំបន់ និងអន្តជាតិ ដែលជាប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីផលប្រយោជន៍រួមនៃស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner