អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់បទល្មើ សឆ្លង ដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ចូលជួបសម្តែងការគួសម និងបន្តបង្កើនកិច្ចសហប្រតិបត្តិរវាងគ្នាឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ។

អនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលបានត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ និងស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានបន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន ដូចជាបទល្មើសអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវបានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំឱ្យភាគីថៃបន្តផ្លាស់ប្តូព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើសដែលកេីតមានឡេីងរវាងប្រទេសទាំងពីរឱ្យទទួលបានជោគជ័យបន្ថែមទៀត។

ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អរគុណភាគីថៃដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការល្អ នៅពេលមានការស្នើសុំតាមចាប់ខ្លួនជនល្មើសដែលរត់ទៅលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយបានចាប់បញ្ជូនមកកាត់ទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។

លើសពីនេះ ភាគីកម្ពុជា ក៏ជំរុញឱ្យភាគីថៃបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ដែលបញ្ជូនត្រឡប់មកកម្ពុជាវិញ សូមបញ្ជូនមកវិញជាដំណាក់កាលៗដោយមានការយោគយល់ និងគោរពសិទ្ធិមនុស្ស។

អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ ក៏បានឯកភាពគ្នា ក្នុងការពិនិត្យឡើងវិញទៅលើខ្លឹមសារពាក់ព័ន្ធដូចមានចែងក្នុងកំណត់ហេតុធ្វេីការងារនៃកិច្ចប្រជុំលេីកទី៣ រវាងកម្ពុជាថៃ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំទ្វេរភាគីលេីកទី៤ ៕

ដោយ-រ៉ាវុធ
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner