កូរ៉េខាងត្បូងផ្តល់រថយន្តសង្គ្រោះ ១៥គ្រឿងដល់កម្ពុជា (Video Inside)
រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥គ្រឿង ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ក្នុងពិធីមួយដែលអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតកូរ៉េលោក ផាក ជុង វុក PARK Jung-Wook ។
ពិធីប្រគល់រថយន្តទាំង ១៥គ្រឿងនៅថ្ងៃទី១២តុលានេះទៀត បានអញ្ជើញចូលរួមដោយ នាយក KOICA ប្រចាំប្រទេសកម្ពុជា គឺលោកស្រី ឆ័រ មូនជុង CHOI Moonjung។
ឯកអគ្គរដ្ឋទូតកូរ៉េបានថ្លែងក្នុងពិធីនោះថា “វិស័យសុខាភិបាល គឺជាវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការទ្វេភាគីរបស់យើង»។ លោកបានថ្លែងបញ្ជាក់ក្តីសង្ឃឹមថា «រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្ដល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស”។
កូរ៉េខាងត្បូង គឺជាប្រទេសដែលបានជួយកម្ពុជាជាច្រើនលើវិស័យសុខាភិបាល។ កូរ៉េខាងត្បូង ក្នុងពេលថ្មីៗកន្លងមកនេះ បានជួយកសាងសំណង់មន្ទីរពេទ្យដូចជាអគារពេទ្យភ្នែក, អគារត្រចៀក, ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង, អគារថែទាំសុខភាពមាតា និងទារកក្នុងខេត្តរតនគិរី និងមណ្ឌលគិរី, ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ និងសមត្ថភាពបុគ្គលិកសុខាភិបាលជាដើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានថ្លែងក្នុងពិធីចាត់ទុកថា “ជំនួយដ៏មានតម្លៃ របស់រដ្ឋាភិបាលកូរ៉េ នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការទ្វេភាគី»។