សមត្ថកិច្ចនគរបាលកម្ពុជា និងថៃ ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ (Video Inside)
សមត្ថកិច្ចនគរបាលកម្ពុជា និងថៃ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន និងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាថែមទៀត ដើម្បីការពង្រឹងសន្តិសុខរវាងកម្ពុជា និងប្រទេសថៃ។
ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ នៃសមត្ថកិច្ចនគរបាលកម្ពុជា និងថៃនេះ បានធ្វើឡើងក្នុងឱកាសអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ស ថេត បានទទួលជួបអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ ផាត់ថាណា នុតឆាណា នារសៀលថ្ងៃទី១២ តុលា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោថៃ បានថ្លែងថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល ២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន ដូចជាបទល្មើសអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវបានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ស ថេត បានស្នើសុំឱ្យភាគីថៃ បន្តផ្លាស់ប្តូព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើស ដែលកើតមានឡើង ដើម្បីឱ្យប្រទេសទាំងពីរឱ្យសហការគ្នាបាន ដើម្បីបង្ក្រាបអំពើឧក្រិដ្ឋទាំងនោះទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអរគុណភាគីថៃ ដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការល្អ នៅពេលមានការស្នើសុំតាមចាប់ខ្លួនជនល្មើស ដែលរត់ទៅលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយជនល្មើសទាំងនោះ ត្រូវបានចាប់បញ្ជូនមកកាត់ទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។
នាយឧត្តមសេនីយ៍កម្ពុជា បានជំរុញឱ្យភាគីថៃ បន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលធ្វើចំណាកស្រុកខុសច្បាប់ សូមបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ ជាដំណាក់កាលជាមួយការអនុវត្តកាតព្វកិច្ចគោរពសិទ្ធិមនុស្ស។
អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ នៅបានឯកភាពគ្នា ក្នុងការពិនិត្យឡើងវិញទៅលើខ្លឹមសារពាក់ព័ន្ធដូចមានចែងក្នុងកំណត់ហេតុធ្វើការងារ នៃកិច្ចប្រជុំលើកទី៣ រវាងកម្ពុជាថៃ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទី៤ របស់ខ្លួនថែមទៀត៕