យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជាមួយស្រស់ ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន វាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោម ប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាប ទៅ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយ បញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឲ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។
ជាក់ស្តែង ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការរៀបចំយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់នាពេលនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សសរុបចំនួនជាង ១,៦៤ លាននាក់ មកពីសាលារៀនចំនួន ១៣៨៩១ សាលា បានប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
សូមបញ្ជាក់ថា ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដែលយើងទាំងអស់គ្នាត្រូវផ្តោត ការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។
ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចង់ចាំជានិច្ចចំពោះការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិបងប្អូនក្រុមគ្រួសារ ពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិចមួយថ្ងៃ និងពង្រីកទៅពីរថ្ងៃ បីថ្ងៃ ឬបួនថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីឱ្យ សាលារៀនយើង លំនៅស្ថាន យើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន៕ដោយ៖គ្រី សម្បត្តិ






