បុរសជនជាតិជប៉ុនវ័យចំណាស់ម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារ

តូក្យូ៖ បុរសជនជាតិជប៉ុនម្នាក់ដែលគេជឿថា ជាខ្មាន់កាំភ្លើងត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរូបគេបានចាប់ចំណាប់ខ្មាំងស្ត្រីពីរនាក់នៅក្នុងការិយាល័យប្រៃសណីយ៍មួយកន្លែង ស្ថិតក្នុងខេត្តមួយក្បែរទីក្រុងតូក្យូកាលពីថ្ងៃអង្គារម្សិលមិញ។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីការបាញ់ប្រហារនៅមន្ទីរពេទ្យក្បែរនោះ បណ្ដាលឱ្យមនុស្សពីរនាក់បានរងរបួស។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន។

ចំណាប់ខ្មាំងទាំងពីរដែលជាបុគ្គលិកប្រៃសណីយ៍នៅទីនោះផ្ទាល់ ត្រូវបានដោះលែងដោយសុវត្ថិភាពហើយកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីជាប់នៅខាងក្នុងជាមួយខ្មាន់កាំភ្លើងវ័យ ៨៦ ឆ្នាំអស់រយៈពេលជាង ៨ ម៉ោង។ ក្រុមប៉ូលិសជប៉ុនបានបុកចូលទៅក្នុងការិយាល័យប្រៃសណីយ៍ ចាប់ខ្លួនបុរសនោះ និងរឹបអូសអាវុធរបស់គាត់ ។នេះបើយោងតាមការរាយការណ៍របស់ទូរទស្សន៍ជាតិជប៉ុន NHK។

គួររំឭកថា កាលពីព្រឹកថ្ងៃម្សិលមិញ គ្រូពេទ្យម្នាក់ និងអ្នកជំងឺម្នាក់នៅមន្ទីរពេទ្យក្បែរនោះ បានរងរបួសស្រាល ហើយអាជ្ញាធរកំពុងស៊ើបអង្កេតថាតើរបួសនេះបណ្តាលមកពីការបាញ់កាំភ្លើង ឬក៏យ៉ាងណា?។

រហូតដល់រសៀលថ្ងៃដដែល ក្រុមប៉ូលិសបានទទួលសេចក្តីរាយការណ៍ថា មានហេតុការណ៍បាញ់ប្រហារនៅមន្ទីរពេទ្យធំមួយឈ្មោះថា ថូដា ឈូ (Toda Chuo) ក្នុងខេត្តសៃតាម៉ា (Saitama) ភាគខាងជើងនៃទីក្រុងតូក្យូ។ ជាងមួយម៉ោងក្រោយមក ជនសង្ស័យបានចូលទៅក្នុងការិយាល័យប្រៃសណីយ៍ក្បែរនោះ។ ពេលចូលដល់ខាងក្នុង ជនសង្ស័យបានស្នាក់នៅជាមួយស្ត្រីពីរនាក់ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនហៅថាជាចំណាប់ខ្មាំង។

រហូតដល់ល្ងាចថ្ងៃអង្គារដដែល ស្ត្រីម្នាក់ដែលមានអាយុប្រហែលជាជាង ២០ឆ្នាំ ត្រូវបានដោះលែងដោយគ្មានរងរបួសអ្វីនោះទេ ពោលគឺមុនពេលក្រុមប៉ូលិសចូលទៅក្នុងការិយាល័យប្រៃសណីយ៍។ យោងតាមសាររបស់អភិបាលក្រុង ថូដា Toda លោក ហ្វ៊ូមីហ៊ីតូ ស៊ូហ្កាវ៉ារ៉ា (Fumihito Sugawara) ដែលបានបង្ហោះនៅលើបណ្ដាញសង្គម X ថា «បុរសម្នាក់ដែលមានកាំភ្លើងខ្លី ត្រូវបានសង្ស័យថាបានធ្វើការបាញ់ប្រហារនៅមន្ទីរពេទ្យ ហើយបន្ទាប់មក បានជិះម៉ូតូគេចខ្លួនបាត់»។

ក្រុមប៉ូលិលជប៉ុនក៏កំពុងរកមើលអំពីការជាប់ពាក់ព័ន្ធគ្នារវាងការបាញ់ប្រហារ និងអគ្គីភ័យនៅឯផ្ទះល្វែងមួយក្នុងទីក្រុង ថូដា ដែលគេសង្ស័យថាជាផ្ទះរបស់ជនសង្ស័យ។ យ៉ាងណាក៏ដោយ ក្រុមប៉ូលិសមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការ បកស្រាយអំពីឧបទ្ទវហេតុនេះនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយយោងទៅតាមប្រភពសន្តិសុខអនាមិកក្នុងតំបន់កើតហេតុ។

ករណីផ្ទុះអាវុធ គឺជារឿងដែលកម្រកើតមានណាស់នៅក្នុងប្រទេសជប៉ុន ដោយសារប្រទេសនេះមានច្បាប់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងជាទៀងទាត់ទៅលើម្ចាស់កាំភ្លើង រួមទាំងប្រវត្តិឧក្រិដ្ឋកម្ម និងការវាយតម្លៃសុខភាពផ្លូវចិត្ត ក៏ដូចជាការធ្វើតេស្តសមត្ថភាពសរសេរ និងរបៀបបាញ់កាំភ្លើងជាដើម។

នៅឆ្នាំ២០២២ ប្រទេសជប៉ុនដែលមានប្រជាជនប្រហែល ១២៥ លាននាក់ មានករណីបាញ់ប្រហារចំនួន ៩ ដងដែលបណ្តាលឱ្យមនុស្សស្លាប់ ៤ នាក់ និងរបួស ៣ នាក់។ ភ្នាក់ងារនគរបាលជាតិជប៉ុនបានរាយការណ៍ថា ក្នុងនោះ ហេតុការណ៍ចំនួន ៦ ករណីត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយនឹងបណ្តាញឧក្រិដ្ឋជនយ៉ាគូសា (Yakuza)។

បើទោះបីជាឧក្រិដ្ឋកម្មហិង្សាគឺជារឿងដែលកម្រកើតមាននៅក្នុងប្រទេសជប៉ុន ប៉ុន្តែឆ្នាំ២០២៣នេះ មានករណីបាញ់ប្រហារដ៏គួរឲ្យកត់សម្គាល់ជាច្រើន។ ជាក់ស្ដែង កាលពីខែឧសភា បុរសអាយុ ៣១ ឆ្នាំម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណ មានឈ្មោះថា លោក ម៉ាសាណូរី អៅគិ (Masanori Aoki) ត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សាដោយការវាយដំបណ្តាលឱ្យមនុស្សបួននាក់ស្លាប់។ បុរសម្នាក់នេះត្រូវបានគេដឹងថាជាកូនប្រុសរបស់ប្រធានសភាទីក្រុង ណាកាណូ (Nakano) លោក ម៉ាសាមីឈី អៅគិ (Masamichi Aoki)។

កាលពីខែមិថុនា ក្នុងអំឡុងពេលនៃការហ្វឹកហាត់ ទាហានអាយុ ១៨ ឆ្នាំម្នាក់បានបាញ់សមាជិក ៣ នាក់នៃកងកម្លាំងស្វ័យការពាររបស់ជប៉ុន ស្ថិតនៅក្នុងទីក្រុង គីហ្វ៊ូ (Gifu) ភាគកណ្តាលប្រទេសជប៉ុន។ បុរសទាំងបីនាក់ដែលម្នាក់អាយុ ៥០ឆ្នាំជាង និងពីរនាក់ទៀតអាយុ ២០ឆ្នាំជាង ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពីរនាក់បានបាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរពេក។

លើសពីនេះ គេក៏មិនភ្លេចនោះទេ គឺករណីបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនសូ អាបេ (Shinzo Abe) នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយកាលពីឆ្នាំមុន ដែលជនល្មើសបានបាញ់ប្រហារដោយប្រើប្រាស់អាវុធដែលកែច្នៃដោយខ្លួនឯង។ កាលនោះ ក្រុមប៉ូលិសបានសារភាពថា ពួកគេមានការធ្វេសប្រហែសផ្នែកសន្តិសុខ។

គួរដឹងដែរថា នៅប្រទេសជប៉ុន ដើម្បីទទួលបានសិទ្ធិកាន់កាប់កាំភ្លើង បុគ្គលនោះត្រូវដាក់ពាក្យសុំការអនុញ្ញាត ចូលរៀនថ្នាក់ស្តីពីសុវត្ថិភាពកាំភ្លើង និងច្បាប់ ព្រមទាំងត្រូវឆ្លងកាត់ការប្រឡងសរសេរផងដែរ។ ដំណើរការនេះក៏រួមបញ្ចូលផងដែរនូវវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃ ស្តីពីបច្ចេកទេសបាញ់ប្រហារប្រកបដោយសុវត្ថិភាព៕ ប្រែសម្រួល៖ ធា សុណា

ads banner