ចិនលុបចោលការទាមទារបណ្ឌបញ្ជាក់ស្ថានភាពសុខភាព សម្រាប់អ្នកធ្វើដំណើរឆ្លងដែន
ប៉េកាំង៖ រដ្ឋបាលគយចិន (GAC) បានឱ្យដឹងកាលពីថ្ងៃអង្គារទី ៣១ ខែតុលាថា ចិននឹងលុបចោលការទាមទារឱ្យមានលិខិតបញ្ជាក់ពីស្ថានភាពសុខភាពសម្រាប់អ្នកធ្វើដំណើរទាំងចេញ និងចូលក្នុងស្រុក ចាប់ពីថ្ងៃពុធ ទី១ ខែវិច្ឆិកា តទៅ ហើយត្រឡប់ទៅនីតិវិធីមុនកូវីដវិញ។ នេះបើតាមការផ្សាយរបស់កាសែតអនឡាញរបស់ បក្សកុម្មុយនីស្តចិន ក្លបប៊ល ថែមស៍(Global Times)។
ដោយស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនៃច្បាប់ស្តីពីសុខភាពព្រំដែន និងចត្តាឡីស័ក ការលុបចោលនេះ មានន័យថា អ្នកដំណើរមិនតម្រូវឱ្យបំពេញបណ្ណបញ្ជាក់ស្ថានភាពសុខភាព ដែលគេស្គាល់ជាទូទៅថា «កូដខ្មៅ» ទៀតទេ ចាប់ពីថ្ងៃពុធនេះទៅ។
ប៉ុន្តែអ្នកធ្វើដំណើរដែលបានធ្វើរោគវិនិច្ឆ័យទៅឃើញ ឬមានរោគសញ្ញានៃជំងឺឆ្លងផ្សេងៗ ទាមទារឱ្យរាយការណ៍ទៅមន្ត្រីគយនៅព្រំដែន និងត្រូវសហការជាមួយនឹងការណែនាំរបស់មន្រ្តី នៅពេលអនុវត្តការត្រួតពិនិត្យសុខភាព ការអង្កេតមើលរោគរាតត្បាត ការពិនិត្យសុខភាព និងការធ្វើតេស្តសំណាកជាដើម។ សេចក្តីថ្លែងការណ៍របស់ GAC បាននិយាយថា ប្រសិនបើមានការលាក់បាំង ឬការគេចវេសពីការធ្វើចត្តាឡីស័ក បុគ្គលដែលបំពាននឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា «កូដខ្មៅ» គឺជាវិធានការរឹតត្បិតចុងក្រោយទាក់ទងនឹងកូវីដ១៩ នៅពេលអ្នកដំណើរចេញ ឬចូលចិនដីគោក ក្រោយអាជ្ញាធរចិនលុបចោលការទាមទារលទ្ធផលតេស្តកូវីដកាលពីខែសីហា។
មុនការលុបចោលកាលពីថ្ងៃអង្គារ គយចិនដីគោកតម្រូវឱ្យអ្នកដំណើរទាំងអស់បំពេញស្ថានភាពសុខភាពនៅលើស្មាតហ្វូនរបស់ខ្លួន ដែលមានដូជជារោគសញ្ញាគ្រុនក្តៅ និងអស់កម្លាំង ប្រវត្តិធ្វើដំណើរនៅក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក ក៏ដូចជាមធ្យោបាយដែលខ្លួនប្រើសម្រាប់ការចេញ ឬចូលក្នុងស្រុក។ បន្ទាប់ពីបំពេញរួចហើយ ព័ត៌មានរបស់អ្នកដំណើរនឹងបង្កើត QR កូដ ដែលជាកាតព្វកិច្ចសម្រាប់ពិនិត្យការចូល ឬចេញ។
ចាប់ពីថ្ងៃពុធនេះតទៅ ការទាមទារនេះត្រូវលុបចោល ហើយដំណើរការចេញ ឬចូល នឹងត្រូវត្រឡប់ទៅរកវិធានការមុនជំងឺកូវីដរាតត្បាតវិញ៕ ប្រែសម្រួល៖ ហួន ឌីណា