អង្ករសែនក្រអូបកម្ពុជាឈ្នះពានរង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន ប្រចាំឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបក្នុងឆ្នាំ២០២៣នេះ បានឈ្នះ ពានរង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ដោយជ័យលាភីនេះ មានការសាទរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ជាមួយការរំពឹងថា ទីផ្សារអង្ករក្រអូបកម្ពុជានឹងកាន់តែមានសន្ទុះខ្លាំងថែមទៀត។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាកាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣បានបញ្ជាក់ថា អង្ករម៉ាកសមូហភាព SKO ផលិតចេញពីពូជស្រូវសែនក្រអូបបានឈ្នះ ពានរង្វាន់មាសពីកម្មវិធីដែលរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្តគ័រស៊ី(Guangxi)និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិនកាលថ្ងៃទី ២៨ ខែតុលា ។

ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ។ក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួនប្រាំប្រទេស និងចំនួន ៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។

សេចក្តីប្រកាសបន្តថា អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករដែលមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះផងដែរ។

ក្រៅពីនេះ សហព័ន្ធស្រូវអង្ករ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំដាំដុះពូជស្រូវ ដែលប្រកបដោយគុណភាពនេះជាបន្តទៀត ខណៈសហព័ន្ធយល់ថា ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកាថា នេះជាមោទនភាពសម្រាប់វិស័យកសិកម្ម និងកសិករកម្ពុជា ខណៈនេះមិនមែនជាលើកទី១ឡើយ ដែលអង្ករក្រអូបកម្ពុជាទទួលបានចំណាច់ថ្នាក់បែបនេះ។

លោកមានប្រសាសន៍ថា កន្លងមក អង្ករក្រអូបផ្ការំដួលរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អដាច់គេចំនួន៥ដងរួចមកហើយ ហើយឆ្នាំនេះយើងបានបន្ថែមពីពូជស្រូវសែនក្រអូបផងដែរ ក្រសួងយល់ថា តាមរយៈលទ្ធផលនេះនឹងបង្កើនភាពទាក់ទាញដល់ទីផ្សារនាំចេញអង្ករកម្ពុជានៅលើឆាកអន្តរជាតិថែមទៀត។

អ្នកនាំពាក្យក្រសួងកសិកម្មដដែលបានបន្ថែមថា ដើម្បីជំរុញទីផ្សារស្រូវអង្ករកម្ពុជា ក្រសួងបាននិងកំពុងជំរុញ ពូជស្រូវចំនួនពីរប្រភេទ ។គឺពូជស្រូវសែនក្រអូប និងពូជស្រូវផ្ការំដួល ដែលជាយុទ្ធសាស្រ្តរបស់ក្រសួង ដើម្បីធានាបានពូជសុទ្ធ និងធានាបានគុណភាពអង្ករកម្ពុជានៅលើទីផ្សារផងដែរ។

ទន្ទឹមគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មអូរសារាយ ខេត្តតាកែវ លោក ប៉ាត សាវឿន ក៏បានលើកឡើងដែរថា លទ្ធផលនេះ គឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ពិសេសសហព័ន្ធស្រូវអង្ករ ហើយលទ្ធផលនេះ ក៏កម្លាំងចិត្តបន្ថែមដល់សហគមន៍កសិកម្មនៅកម្ពុជា ខិតខំប្រឹងប្រែងបង្កើនការដាំដុះពូជស្រូវក្រអូបបន្ថែមទៀត។

លោកបានបន្តថា “បច្ចុប្បន្នសហគមន៍របស់ខ្ញុំមានសមាជិកជាង៦០នាក់ ។ហេតុនេះខ្ញុំយល់ថា ដើម្បីជំរុញទីផ្សារស្រូវអង្ករក្រអូបកម្ពុជាបន្ថែមទៀត សូមឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ទុនក្នុងការប្រមូលទិញស្រូវពីកសិករ សម្រួលមធ្យោបាយដឹកជញ្ជូនស្រូវឱ្យទាន់ពេល ពិសេសផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដាំដុះបន្ថែមទៀត ដើម្បីបង្កើនគុណភាពអង្ករកាន់តែមានស្តង់ដារស្របតាមទីផ្សារចង់បាន”។

ទាក់ទិននឹងជ័យលាភីនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានប្រកាសអបអរសាទរ អង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១នេះផងដែរ។

សូមបញ្ជាក់ដែរថា ពូជស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់កណ្តាលទសវត្សរ៍៩០។

ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម តាមរយៈអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា រួមនឹងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា «សែនក្រអូប ០១»៕ ប្រែសម្រួល៖ បូរ ពេជ្រហ្សាលីន

ads banner