ក្រុមអ្នកស្រាវជ្រាវបរទេសថ្លែងថាចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ កម្ពុជាអាចជួបឧបសគ្គប្រែប្រួលអាកាសធាតុ (Video Inside)

ក្រុមអ្នកស្រាវជ្រាវបានថ្លែងថាភាពប្រែប្រួលអាកាសធាតុ និងកត្តាប្រឈមរបស់វា នឹងអាចក្លាយជាឧបសគ្គដល់ចក្ខុវិស័យ ឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា បើសិនជាមិនមានវិធានការទប់ស្កាត់ជាមុននោះទេ។

ការស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាបំរែបំរួលអាកាសធាតុនេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធរបាយការណ៍ ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហៅកាត់ថា CCDR ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១តុលា ក្រោមការរៀបចំរបស់អង្គការធនាគារពិភពលោក។

តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា, មីយ៉ាន់ម៉ា និងឡាវ លោកស្រី Mariam Sherman បានថ្លែងថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប៉ុន្តែបញ្ហាប្រឈមមួយនោះ គឺការប្រែប្រួលអាកាសធាតុ ដែលអាចជះឥទ្ធិពលទាំងដោយផ្ទាល់និងប្រយោល។

លោកស្រីលើកឡើងថាប្រទេសកម្ពុជា គឺជាប្រទេស១ក្នុងចំណោមប្រទេសទាំងឡាយ ដែលមានភាពងាយរងគ្រោះចំពោះទឹកជំនន់ និងការកើនឡើងកម្តៅខ្លាំង។ លោកស្រីថ្លែងថារបាយការណ៍ CCDR នាពេលនេះបានចង្អុលបង្ហាញជាច្រើន ដើម្បីឱ្យកម្ពុជា អាចចាប់យកនូវទិដ្ឋភាពទាំងនេះ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អាកាសធាតុ។

ads banner