ភរិយារបស់លោក Zelensky ថ្លែងពីការវាយប្រហាររបស់រុស្ស៊ី លើបេតិកភណ្ឌវប្បធម៌ នៅឯអង្គការយូណេស្កូ
យូណេស្កូ៖ ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានសម្តែងការមិនពេញចិត្តចំពោះ «ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលត្រូវបានការពារ» នៅក្នុងពេលដែលលោកស្រីបានអញ្ជើញចូលរួមកម្មវិធីមួយ របស់អង្គការយូណេស្កូ។
លោកស្រី Olena Zelenska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងសុន្ទរកថានៅក្នុងសន្និសីទទូទៅ របស់អង្គការយូណេស្កូ កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយបាននិយាយពីការថ្កោលទោស ចំពោះការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលត្រូវបានការពារ ដោយលោកស្រីអះអាងថា ជាស្នាដៃរបស់ប្រទេសរុស្ស៊ី។
លោកស្រីបានបន្តទៀតថា ការវាយប្រហារនោះ បានបណ្តាលឲ្យខូចខាតប្រាសាទ រហូតដល់ទៅចំនួនជាង២៧០ប្រាសាទ។
គួររម្លឹកថា អ៊ុយក្រែនបានអះអាងថា កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា រុស្ស៊ីបានវាយប្រហារទៅលើទីក្រុង Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយបានបំផ្លិចបំផ្លាញសារមន្ទីរសិល្បៈមួយកន្លែង និងធ្វើឱ្យមនុស្ស ៨ នាក់ រងរបួស។ រដ្ឋបាលទីក្រុង Kyiv បានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៤ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារចំនួន ១៥ គ្រឿង ទៅលើតំបន់បេតិកភណ្ឌវប្បធម៌មួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

