កីឡាការិនីវាយកូនបាល់បារាំង Margot Phanthala ជ្រើសរើសប្រទេសកម្ពុជា បោះជំរុំហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមប្រកួតនៅហុងកុង និងម៉ាឡេស៊ី
ភ្នំពេញ៖ កីឡាការិនីវាយកូនបាល់វ័យ ១៦ឆ្នាំ ដែលកំពុង ឈរនៅលំដាប់លេខ១របស់ប្រទេសបារាំង Margot Phanthala បានជ្រើសរើសប្រទេសកម្ពុជាជាកន្លែងបោះជំរុំហ្វឹកហាត់ពង្រឹងសមត្ថភាពមុននឹងនាងទៅចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតនៅហុងកុង និងប្រទេសម៉ាឡេស៊ី នាពាក់កណ្តាល ខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា លោក ទេព រិទ្ធី វិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា មូលហេតុដែលកីឡាការិនីវាយកូនបាល់បាររាំងរូបនេះ មកបោះជំរុំហ្វឹកហាត់នៅប្រទេសកម្ពុជាដែលមានរយៈពេលប្រមាណជាជាង១០ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសារតែប្រទេសកម្ពុជាជាទឹកដីកំណើររបស់លោកឱពុកនាង ទើបនាងចង់ស្គាល់ ។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា វត្តមានកីឡាការិនីវាយកូនបាល់របស់បារាំងលំដាប់លេខ១នេះ មកហ្វឹកហាត់នៅកម្ពុជាពិតជាអស្ចារ្យណាស់ ព្រោះកាលណាមានកីឡាការិនីឆ្នើមមកហ្វឹកហាត់ជាមួយកីឡាករកីឡាការិនីកម្ពុជាវានឹងផ្តល់នូវបច្ចេកទេសល្អចែករំលែកដល់កីឡាករកម្ពុជា។
កីឡាការិនី Margot Phanthala បានគូសបញ្ជាក់ថា ដើមចមដែលនាងជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងហ្វឹកហាត់មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍វាយកូនបាល់ក្នុងតំបន់អាស៊ី តំណាងប្រទេសបារាំង ដោយសារតែ ប្រទេសកម្ពុជាជាប្រទេសរបស់កំណើតរបស់លោកឱពុកនាង ពិសេស បងប្រុសបង្កើតរបស់នាង ក៏ជាកីឡាករជម្រើសជាតិកម្ពុជា ប្រកួតតំណាងឲ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ដាវីសខាប់ផងដែរ។ ម្យ៉ាងវិញទៀត នាងបានយកឱកាសហ្វឹកហាត់ពង្រឹងសមត្ថភាពមកស្គាល់កម្ពុជាឲ្យបានកាន់តែច្បាស់តែម្តង។
កីឡាការិនីលេខ១របស់បារាំងរូបនេះ បានលើកឡើងទៀតថា លើកដំបូងមកកាន់ប្រទេសកម្ពុជានេះ នាងមិននឹកស្មានថា កីឡាវាយកូនបាល់កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធស្អាតបែបនេះឡើយ ហើយ កីឡាករក៏មានគុណភាពផងដែរ។
សូមបញ្ជាក់ថា កីឡាការិនី Margot Phanthala មានវ័យ១៦ឆ្នាំ ជាកីឡាការិនីរបស់ប្រទេសបារាំង ឈរនៅចំណាត់ថ្នាក់លេខ១ នាងគឺមានឱពុកជាជនជាតិខ្មែររស់នៅប្រទេសបារាំង និងមានបងប្រុសម្នាក់ទៀតអាយុ១៩ឆ្នាំ មានចំណាត់ថ្នាក់១៦៧ក្នុងតារាងវាយកូនបាល់ពិភពលោកសម្រាប់យុវជន ៕
រូបភាព អត្ថបទៈជាវ ចន្ធូ


