រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជាង៤២ ម៉ឺនដុល្លារដល់កម្ពុជា

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀល ថ្ងៃ ទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណង គូសាណូណ៌ ) នូវថវិកាចំនួន ៤២៤,៩០៧ ដុល្លារអាមេរិក ។

ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន នេះផ្តល់ ដល់ស្ថាប័នចំនួនបី របស់ ប្រទេសកម្ពុជា ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុង ខេត្តឧត្តរ មានជ័យ, គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះដោយលោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នក តំណាងស្ថាប័នទទួលជំនួយទាំងបី។

ក្នុងឱកាសនេះលោកភារធារីស្តីទីនៃស្ថានទូតជប៉ុន បានឱ្យដឹងថា ជំនួយនាពេលនេះ ដើម្បីអនុវត្តលើគម្រោង៖

ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ) សា្ថប័នទទួលជំនួយ៖ មន្ទីរធនធាន ទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ តំបន់នេះងាយរងគ្រោះរាំង ស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុក ទឹកបាន គ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹក មិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅមានស្ថានភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។
តាមរយៈជំនួយនេះរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធ ធារា សាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយ ស្ថិរភាព ពេញមួយឆ្នាំ។ លើសពីនេះ រំពឹងថាកម្រិតជីវភាពរស់នៅ និងប្រាក់ ចំណូលរបស់ប្រជាជននឹងមានភាពប្រសើរឡើងដោយសារមានការកើនឡើងនៃបរិមាណស្រូវដែលផលិត បាននៅក្នុងតំបន់នេះ។

ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ សា្ថប័នទទួលជំនួយគឺ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ថានបច្ចុប្បន្នដែលមានសភាពទ្រុឌទ្រោម។ ទោះបីមានការកើនឡើងនៃចំនួនប្រជាជនដែលធ្វើដំណើរទៅសាលារៀន និងកន្លែងធ្វើការជារៀងរាល់ថ្ងៃ ស្ពានចាស់នេះមានកន្លែងធ្លុះធ្លាយ ចេញដែកមកខាងក្រៅ ដែលគំរាមកំហែងដល់សុវត្ថិភាពអ្នកធ្វើដំណើរ។ លើសពីនេះឡាន និងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានរអនុញ្ញាត ឱ្យឆ្លងកាត់ស្ពាននេះទេ ព្រោះស្ពាននេះមិនអាចទ្រទម្ងន់បាន និងអាច រងការបាក់ស្រុត។ រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ក៏រំពឹងថាតាមរយៈការ ផ្ដល់លទ្ធភាពក្នុងការដឹកជញ្ចូនកសិផល ប្រាក់ចំណូលរបស់ ប្រជាជន នឹងមានការកើនឡើង។
ទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងនូវថវិកាចំនួន ១៦៨,២៧៦ដុល្លារ។ សា្ថប័នទទួល ជំនួយគឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។ជំនួយនេះ នឹង ត្រូវ បានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយ បច្ចុប្បន្ន ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លង កាត់ស្ពាន នេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹក ជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។
ជាមួយនឹងក្តីរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន ប្រមាណ ២,៨០០នាក់ ក្នុងភូមិចំនួន៤ តាមរយៈការធានាបាននូវផ្លូវ ធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌល សុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាងសង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលយើងរំពឹងថានឹងកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនប្រាក់ចំណូលកសិកម្ម៕
ដោយ៖ ហេង សម្បត្តិ+សួង ពិសិដ្ឋ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner