កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅទីស្តីការក្រសួងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួន ផុនរតនៈ បានអបអរសាទរអារ៉ាប៊ីសាអូឌីត ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC SUMMIT) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមក៏បានរំលឹកឡើងវិញនូវជំនួបទ្វេភាគីប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ASEAN-GCC នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ។

ជាការឆ្លើយតប ឯកឧត្តម Mohammed Ismaeil A. Dahlwy បានបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្អែកលើសន្ទុះដ៏ល្អកើតចេញពីកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរនាពេលថ្មីៗនេះ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈប្រកបដោយអត្ថន័យលើទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងភាពចាំបាច់ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រទាំងពីរ ដែលជាវេទិកាសំខាន់មួយសម្រាប់ស្វែងរកមធ្យោបាយថ្មីនៃសកម្មភាពជាក់ស្តែង ដើម្បីជួយសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានាសម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner