ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផល «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ» គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ «ទីក្រុង ចិញ្ចឹមទីក្រុង និងស្លឹកត្នោតខ្ទប់ស្ករត្នោត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ នឹងទទួលបានផលប្រយោជន៍ នៅតំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរានេះ។

លើសពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា នឹងជួយសម្រួលដល់ប្រជាពលរដ្ឋយ៉ាងច្រើន ទាំងចរាចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចផងដែរ។
សូមជម្រាបថា ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញ ជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរ នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ សាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត , ២គន្លងទោចក្រយានយន្ត និង ២គន្លង សម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ ៕


អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ