សហភាពអឺរ៉ុបព្រមានពីកង្វះខាតគ្រាប់ផ្ទុះសម្រាប់អ៊ុយក្រែន ចំពោះសង្គ្រាមជាមួយរុស្ស៊ី

ប្រ៊ុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល នៅថ្ងៃអង្គារ៍សប្ដាហ៍នេះបានបញ្ជាក់ថា សហភាពអឺរ៉ុបពុំមានគ្រាប់ផ្ទុះគ្រប់គ្រាន់ក្នុងឃ្លាំងសម្រាប់បញ្ជូនទៅកាន់អ៊ុយក្រែននោះឡើយ ហើយត្រូវងាកមកពឹងផ្អែកទៅលើការផលិតក្នុងស្រុករៀងៗខ្លួនវិញម្ដង។

ថ្លែងក្នុងសុន្ទរកថាមួយមុនពេលចាប់ផ្ដើមកិច្ចប្រជុំនៃក្រុមប្រឹក្សាគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប មន្ដ្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា កងកម្លាំងយោធានៃសមាជិកសហភាពអឺរ៉ុប បានផ្ដល់ឱ្យអ៊ុយក្រែននូវរាល់គ្រឿងសព្វាវុធ ដែលខ្លួនបានរក្សាក្នុងឃ្លាំងបម្រុង ហើយបច្ចុប្បន្ន យើងពុំមានអាវុធគ្រប់គ្រាន់ទៀតឡើយ។
កន្លងមក សហភាពអឺរ៉ុបបានផ្ដល់គ្រាប់កាំភ្លើងជាង ៣០០,០០០គ្រាប់មកហើយទៅកាន់អ៊ុយក្រែន។

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg សហភាពអឺរ៉ុបផ្ដល់អាវុធឱ្យអ៊ុយក្រែនត្រឹម ៣០%នៃបរិមាណសរុបដែលខ្លួនបានសន្យាតែប៉ុណ្ណោះ ដោយលើកឡើងថា ដំណើរការនៃការបញ្ជូនគ្រឿងសព្វាវុធនេះ គឺផ្អែកទៅលើលទ្ធភាពនៃការផលិតរបស់ប្លុកនេះ។ ថ្មីៗនេះ មន្ដ្រីអ៊ុយក្រែន បានស្នើសុំសារជាថ្មីនូវគ្រឿងសព្វាវុធបន្ថែមទៀត ពីប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច និងសហភាពអឺរ៉ុប ដើម្បីគាំទ្រក្នុងការវាយបកទៅកាន់រុស្ស៊ី ដែលត្រូវបានមើលឃើញថា ពុំមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់សោះឡើយ។

គួរបញ្ជាក់ថា ប្រទេសមួយចំនួន ដូចជាបេឡារុស បានជំរុញឱ្យអ៊ុយក្រែនចូលតុចរចាជាមួយរុស្ស៊ី ដោយសារស្ថានភាពនៃសង្គ្រាមហាក់ពុំមានការវិវត្តអ្វី បើទោះបីជាអ៊ុយក្រែនទទួលបានសព្វាវុធទំនើបៗពីសម្ព័ន្ធមិត្តរួចហើយក៏ដោយ។ យ៉ាងណាមិញ អ៊ុយក្រែនបដិសេធមិនចូលតុចរចា ល្គិកណារុស្ស៊ីមិនយល់ព្រមដកកងកម្លាំងទាំងស្រុកចេញពីអ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner