ភ្នាក់ងារប្រតិបត្តិការរបស់អង្គការសហប្រជាជាតិដកខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីប
ឌូបៃ៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ៍សប្ដាហ៍នេះ បានសម្រេចដកខ្លួនចេញពីតំបន់ហ្គាហ្សា។

អគ្គនាយកនៃក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា លោក ម៉ូនើ អាល់បើស៍ និយាយថា “ក្រុមការងាររបស់យើងបានចាកចេញពីតំបន់ហ្គាហ្សាស្រ្ទីបហើយ។ យើងសុំចុះចាញ់រដ្ឋាភិបាលអ៊ីស្រាអែលហើយ”។ UNRWA ជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលធ្វើប្រតិបត្តិការក្នុងតំបន់ហ្គាហ្សា និងបានផ្ដល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនជាង ៧៨០,០០០នាក់ នៅតាមទីតាំងនានាជាង ១៥០កន្លែង បើទោះបីជាខ្លួនប្រឈមនឹងបញ្ហាក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនរងគ្រោះទាំងនោះក៏ដោយ។
ចាប់តាំងពីសង្គ្រាមនេះចាប់ផ្ដើមមក ចំនួនក្រុមការងាររបស់ទីភ្នាក់ងារ UNRWA ដែលត្រូវបានបាត់បង់ជីវិតមានប្រមាណ ១០២នាក់ និង ២៧នាក់ទៀតបានរងរបួស។
គួររំលឹកថា UNRWA ធ្លាប់អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីសង្គ្រោះដល់ប្រជាជនរងគ្រោះ ក៏ដូចជាទាមទារឱ្យមានការបញ្ជូនជំនួយមនុស្សធម៌មកកាន់តំបន់ហ្កាហ្សាឱ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ ក្រុមការងារ UNRWA ប្រឈមនឹងបញ្ហាចម្បងនៅពេលដែលក្រុមការងារពុំទទួលបានប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យ ក៏ដូចជាដើម្បីបញ្ឆេះម៉ាស៊ីនភ្លើងផងដែរ។

បញ្ហានេះបានចោទជាបញ្ហាចម្បង ដែលបានធ្វើឱ្យ UNRWA អាចនឹងត្រូវបញ្ចប់ប្រតិបត្តិការរបស់ខ្លួនក្នុងតំបន់ហ្គាហ្សានេះ។ មកទល់ពេលនេះ ចំនួនប្រជាជនប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានកើនដល់ចំនួនប្រមាណ ១១,៣២០នាក់ ដោយក្នុងនោះ មានចំនួនប្រមាណ ៤,៦៣០នាក់ជាកុមារ និង ៣,១៣០នាក់ជាស្ដ្រី ខណៈមនុស្សប្រមាណ ៣០,០០០នាក់ទៀតរងរបួស។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕ ប្រភព៖ TASS ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍
