សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មនុស្ស៤នាក់ ដែលបាញ់បោះលើភ្នំគីរីរម្យត្រូវបណ្តេញចេញពីក្របខណ្ឌ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មនុស្ស៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះនៅចំការតែលើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដើម្បីធ្វើជាគំរូ គឺត្រូវតែអនុវត្ត។ ការប្រកាសរបស់សម្តេចធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ម្សិលម្ងៃឃើញបាញ់នៅគីរីរម្យ ជាអកុសលនៅក្នុងកម្លាំងសមត្ថកិច្ចត្រូវកាត់បន្ថយ ហើយចាត់វិធានការតឹងរ៉ឹង ដូចបណ្តេញចេញពីក្របខណ្ឌ ដូច៤នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ ជាគំរូត្រូវអនុវត្ត….។”

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ AMS ឱ្យដឹងថា មនុស្សទាំង៤នាក់នេះ បានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានដូចជាៈ ១.ឈ្មោះ ប៊ិន ភរម្យ ភេទប្រុស អាយុ៤០ឆ្នាំ។ ២.ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ។ ៣.ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៧ឆ្នាំ។ ៤.ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣៣ឆ្នាំ។ ចំណែកបក្ខពួកម្នាក់ទៀតដែលជាមេក្លោងឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ កំពុងរត់គេចខ្លួន ខណៈមានដីកាតាមចាប់ខ្លួន។

សូមជម្រាបថា កាលពីថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីប្រើប្រាស់អាវុធដោយខុសច្បាប់ (ផ្ទុះអាវុធជាច្រើនគ្រាប់) នៅក្នុងកម្មវិធីខួបកំណើត១កន្លែង នៅចំណុចផ្ទះលំហែកាយ ស្ថិតក្នុងចំការតែលើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ ក៏មានជនសង្ស័យចំនួន៤នាក់ បានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់ឱ្យដឹងដែរថា ពិតជាមានមនុស្សចំនួន៤នាក់ បានចូលសារភាពមែននិងកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ បន្ទាប់ពីសាកសួរចប់នឹងបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner