ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត ៖ សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ ដង្ហើម ដែលមនុស្ស ទាមទារជាចាំបាច់ ក្នុងការរស់រានមានជីវិត
ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត បានលើកឡើងថា សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ ដង្ហើម ដែលមនុស្ស ទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថា សង្គ្រាម ការបាក់បែក នឹងចូលខ្លួនមក ជំនួស បើអវត្តមានសន្តិភាព ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និង ថែរក្សានូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវរងារ ដែល ជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើង អំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ ដែលគណៈ បញ្ជាការឯកភាពទិសទី១ ទទួលខុសត្រូវ រហូតមកដល់ពេលនេះមានសភាពស្ងប់ស្ងាត់ ធម្មតា បើទោះបីកន្លងមក ធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗ បានកើតឡើងយ៉ាងណាក្តី តែភាគី ទាំងសងខាង បានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី និង បញ្ចៀស បានរាល់សកម្មភាព ទាំងឡាយណា ដែលនាំឱ្យឈានទៅរកការប្រឈមមុខគ្នាដោយប្រដាប់អាវុធ ។
ជាមួយនេះ បណ្តាអង្គភាពជួរមុខទាំងអស់ បាននិងកំពុងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវ យុទ្ធសាស្ត្រសំខាន់ៗ ទាក់ទងនឹងបញ្ហាព្រំដែន បន្តអនុវត្តចក្ខុវិស័យ ប្រែក្លាយ អតីតតំបន់ប្រយុទ្ធ មកជាតំបន់ អភិវឌ្ឍន៍ពីសមរភូមិ ទៅជាទីផ្សារ ពីស្នូរគ្រាប់កាំភ្លើង ទៅជាកន្លែងសូត្រធម៌ ស្តាប់ភ្លេង ស្តាប់ចម្រៀងពីតំបន់គ្រោះថ្នាក់ ឱ្យ ទៅជាតំបន់ទេសចរណ៍ និងកសាងខ្សែបន្ទាត់ព្រំដែន ជាមួយ ប្រទេសជិតខាង ឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកនូវការសួរសុខទុក្ខ និង សេចក្តីនឹករលឹកពីសម្តេចទាំងទ្វេ និង ថ្លែងអំណរគុណ ព្រមទាំងកោត សរសើរ ដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ហើយបាន ខិតខំ បំពេញ ភារកិច្ច របស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយ សង្រ្គោះប្រជាពលរដ្ឋ នក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា ។
ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និង ការពារ សុខសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សា នូវសមិទ្ធផលនានា ដែលបុព្វបុរសជំនាន់មុនៗបានបង្កើត និងបន្សល់ទុកឱ្យជំនាន់ក្រោយ ៕
សួនលីណា





