សហរដ្ឋអាមេរិកជំរុញអ៊ីស្រាអែល ឱ្យបញ្ឈប់ហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន
សាន់ ហ្វ្រាន់ស៊ីស្កូ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអ៊ីស្រាអែលចាត់វិធានបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank។
លោក ប្លីងគែន ដែលស្ថិតនៅក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក បានអំពាវនាវបែបនេះ នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទជាមួយលោក ប៊េននី ហ្គេនស៍ ជាមេដឹកនាំប្រឆាំងមួយរូប ដែលបានចូលរួមជាមួយគណៈរដ្ឋមន្រ្តីសម័យសង្គ្រាម របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank និយាយថា ពួកគេបានប្រឈមមុខនឹងការយាយីកាន់តែខ្លាំងឡើង ពីអ្នកតាំងលំនៅអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមជាមួយក្រុមហាម៉ាសបានចាប់ផ្តើម។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller និយាយថា លោក ប្លីងគែន បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ West Bank រួមទាំងការកើនឡើងអំពើហិង្សារបស់ក្រុមជ្រុលនិយម។ លោក ប្លីងគែន ក៏បានប្រាប់លោក ហ្គេនស៍ អំពីការបន្តការទូតផងដែរ ដើម្បីដោះលែងចំណាប់ខ្មាំង ដែលចាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅពេលពួកគេបើកការវាយឆ្មក់ដ៏ធំមួយ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃទី០៧ ខែតុលា។
មន្ត្រីអ៊ីស្រាអែលនិយាយថា មនុស្សប្រហែល ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងអំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ចាប់តាំងពីពេលនោះមក មន្ត្រីរដ្ឋាភិបាលហាម៉ាសបានបញ្ជាក់ថា ការទម្លាក់គ្រាប់បែក និងការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សច្រើនជាង ១១,៥០០នាក់ ហើយភាគច្រើនជាជនស៊ីវិល និង កុមាររាប់ពាន់នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



